(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨។ ការអញ្ជើញបំពេញទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការនាពេលកន្លងទៅ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ និងលោកស្រី ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ថងលូន ស៊ីសូលីត ពិភាក្សារិះរកលទ្ធភាពក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ ដើម្បីនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍ទៅវិញទៅមក។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងច័ន្ទ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញដាក់កម្រងផ្កា នៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលីផងដែរ។ បើតាមការគ្រោងពិធីសារ និងកិច្ចព្រមព្រៀងមួយចំនួនឈានទៅបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនមានដូចការអប់រំជាដើមនោះ នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះផងដែរ។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្ដិការ បានឲ្យដឹងថា គណៈប្រតិភូដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន នាពេលនេះរួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្ថិធម៌, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមផងដែរ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ទើបសម្តេចតេជោ និងគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍។

ដំណើរចេញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសឡាវរបស់សម្តេចតេជោ និងគណៈប្រតិភូនាពេលនេះ គឺជាដំណើរចេញទៅបំពេញបេសកកម្មការងារលើកទី១៤ហើយ នៅក្នុងឆ្នាំ២០១៨នេះ៕