(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអញ្ជើញធ្វើបឋកថាក្រោមប្រធានបទ «កាលានុវត្តភាព និងការប្រឈមក្នុងដំណើរការកសាងជាតិ» ជូនដល់កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ កម្មសិក្សាការីមន្រ្តីគ្រប់គ្រងរដ្ឋបាល កម្មសិក្សាការីមន្រ្តីមធ្យម កម្មសិក្សាការីមន្រ្តីក្រមការ និងសិស្សមន្រ្តីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងបទបឋកថានេះ លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជាជាប្រជាជាតិមួយដែលមានប្រវត្តិសាស្រ្តយូរលុង និងធ្លាប់មានភាពរុងរឿងល្បីរន្ទឺក្លាយជាមហានគរនាសម័យអង្គរ។ ប៉ុន្តែកម្ពុជាបានធ្លាក់ចុះដុនដាប ស្ទើតែរលាយឈ្មោះប្រទេសពីផែនទីពិភពលោក នៅក្រោយសម័យអង្គរ រហូតដល់សម័យអាណានិគមនិយមបារាំង។ ពិតណាស់ថា វត្តមាននៃអាណានិគមនិយមបារាំងនៅកម្ពុជា បានជួយការពារមាតុភូមិកម្ពុជាពីការឈ្លានពានពីសំណាក់ប្រទេសជិតខាងក៏ពិតមែន ក៏ប៉ុន្តែបារាំងក៏បានប្រព្រឹត្តនូវអំពើបាបមួយចំនួនមកលើកម្ពុជា ហើយថែមទាំងបានបន្សល់ទុកនូវបញ្ហាដោះស្រាយមិនទាន់ចប់ខ្លះថែមទៀត ដូចបញ្ហាព្រំដែនជាដើម។

លោកបានបន្តថា កម្ពុជាបានចាប់ផ្តើមងើបឡើងវិញជាប្រជាជាតិមួយ នៅក្នុងសម័យសង្គមរាស្រ្តនិយម។ តែគួរឱ្យសោកស្តាយណាស់ ដែលប្រជាជាតិនេះបានចាប់ផ្តើមវិនាសហិនហោចជាបណ្តើរៗ​ ដោយសារភ្នក់ភ្លើងសង្រ្គាមនៅក្នុងរបបលន់ណុល ហើយបន្ទាប់មកប្រជាជនខ្មែររាប់លាននាក់ត្រូវបាត់បងជីវិត និងមូលដ្ឋាននៃប្រទេសជាតិទាំងមូល​ ក៏ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ដល់ចំណុចសូន្យនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ការចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ គឺបានជួយធ្វើឱ្យប្រជាជាតិក៏កំសត់មួយនេះ បានរស់ឡើងវិញ ទោះបីមានការហ៊ុព័ទ្ធសេដ្ឋកិច្ចនិងនយោបាយពីសំណាក់ប្រទេសមហាអំណាចក្តី។ ដំណើការស្តារ និងកសាងប្រទេសឡើងវិញក្នុងពេលនោះ ក៏បាននាំទៅដល់ការចាប់បដិសន្ធិនៃរាជាណាចក្រជាលើកទី២ ក្នុងឆ្នាំ១៩៩៣ ដែលជាបរិបទមួយដ៏សំខាន់នៅប្រវត្តិសាស្រ្តរបស់កម្ពុជា។

ក្រៅពីការបង្រួមបង្រួមជាតិ និងការស្វែងរកនូវសន្តិភាព, ប្រជាជាតិមួយនេះ បានចាប់ផ្តើមធ្វើការកែប្រែនូវប្រព័ន្ធនយោបាយក្នុងការគ្រប់គ្រងប្រទេស ពីបែបសង្គមនិយមទៅជារបបប្រជាធិបតេយ្យ សេរីពហុបក្ស និងពីសេដ្ឋកិច្ចបែបផែនការទៅជាសេដ្ឋកិច្ចទីផ្សារ រួមទាំងការបន្តទទួលស្គាល់កម្មសិទ្ធិឯកជន​ ដែលបានអនុវត្តតាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងប្រទេសយ៉ាងគំហុកបែបនេះ បាននាំឱ្យកម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដោយសារម្យ៉ាងយើងខ្វះធនធានមនុស្ស ហើយម្យ៉ាងទៀតសមត្ថភាពស្ថាប័នក៏នៅទន់ខ្សោយនៅឡើយ ក្នុងខណៈដែលហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ក៏ត្រូវរងនូវភាពខ្ទេចខ្ទាំដោយសារសង្រ្គាមនិងជម្លោះផ្ទៃក្នុង។

ជាមួយគ្នានេះ ការរស់នៅយូរពេកនៅក្នុងភ្នក់ភ្លើងសង្រ្គាម, បានធ្វើឱ្យផ្នត់គំនិតប្រជាជនមានការផ្លាស់ប្តូរ តាមរបៀប «គិតមួយថ្ងៃ សម្រាប់រស់មួយថ្ងៃ» ហើយគុណតម្លៃរបស់សង្គម និងគុណធម៌របស់បុគ្គលក៏មានការធ្លាក់ចុះទៅតាមនោះ។ លោកបានគូសបញ្ជាក់ថា ផលវិបាកនេះបណ្តាលមកពីការផ្លាស់ប្តូរប្រព័ន្ធ ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចូលរួមដោះស្រាយ បញ្ហាប្រឈមនេះទាំងអស់គ្នា ព្រោះវាជាជម្រើសរបស់យើងទាំងអស់គ្នា ដោយមិនគួរធ្វើការបន្ទោសទៅលើបុគ្គលណាមួយ ឬក៏ក្រុមណាមួយឡើយ។ នៅលើលោកនេះ គ្មានលទ្ធិ ឬមនោគមន៍វិជ្ជាណាមួយល្អឥតខ្ចោះនោះទេ ពោលគឺគ្មានលទ្ធិអ្វីដែលល្អផ្តាច់មុខទេ គឺសុទ្ធសឹងតែមានចំណុចបូក និងដកទាំងអស់ មិនថា លទ្ធិប្រជាធិបតេយ្យ ឬមនោគមន៍វិជ្ជាផ្សេងនោះទេ។

លោកបានបន្តថា​ ការរីកចម្រើនដ៏ឆាប់រហ័សតាមបែបប្រទេសចិន​ កំពុងក្លាយជាវិបត្តិនៃមនោគមន៍វិជ្ជា។ ដូចនេះ អ្វីដែលសំខាន់បំផុត គឺយើងត្រូវចេះប្រើប្រាស់លទ្ធិនោះឱ្យក្លាយជាមធ្យោបាយសម្រាប់ បម្រើឱ្យការកសាងជាតិ ឱ្យចំបរិការណ៍ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសយើង​ ដោយមានការគិតគូទៅដល់កត្តាប្រវត្តិសាស្រ្ត ប្រជាសាស្រ្ត សង្គម និងវប្បធម៌។ លោក វង្សី វិស្សុត បានលើកឡើងផងដែរថា ការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ (១៩៩៨-២០០៣) បន្ទាប់ពីការសម្រេចបានមកដោយលំបាកលំបិនតាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ គឺជាការចាប់ផ្តើមមួយ នៃដំណើការកសាងជាតិរបស់យើង ក្នុងនៅដំណើរឈានឆ្ពោះទៅរកសុខសន្តិភាពយូរអង្វែង, ការចាកចេញពីការហ៊ុមព័ទ្ធសេដ្ឋកិច្ចនិងនយោបាយ ទៅរកការធ្វើសមាហរណកម្មរបស់ប្រទេសកម្ពុជា ទៅក្នុងតំបន់និងពិភពលោកឡើងវិញ និងទៅរកការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការដោះស្រាយបញ្ហាជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ បន្ទាប់មកទៀត​, ដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ទាំង ០៣ ដំណាក់កាល ចាប់តាំងពីដំណាក់កាលទី១ (២០០៣-២០០៨), ដំណាក់កាលទី២ (២០០៨-២០១៣) និងដំណាក់កាលទី៣ (២០១៣-២០១៨) បានជួយជំរុញធ្វើឱ្យដំណើរការកសាងប្រជាជាតិមួយនេះ កាន់តែមានល្បឿនលឿនជាងមុន និងបានឡើងដល់កម្រិតមួយដែលខ្ពស់ជាងមុន ហើយកាន់តែមានមុខមាត់នៅលើឆាកតំបន់ និងអន្តរជាតិ នៅក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។​ ជាក់ស្តែង កម្ពុជាសម្រេចបាននូវសេដ្ឋកិច្ចខ្ពស់ជាមធ្យមប្រមាណ ៧,៧% បើគិតពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចជាតិ ក៏កាន់តែមានទំនើបកម្ម និងបានផ្លាស់ប្តូរពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្មកាន់តែច្រើនឡើង ក្នុងខណៈដែលវិស័យសេវាកម្មក៏កាន់មានតែចំណែកធំឡើងៗជាបណ្តើរនៅក្នុងសេដ្ឋកិច្ចជាតិ។ ប្រការនេះ បានធ្វើឱ្យទំហំនៃផលិតផលក្នុងស្រុកសរុប (ផសស) គិតតាមថ្លៃបច្ចុប្បន្ន មានការកើនឡើងប្រមាណ ៦ ដង ពោលគឺពីប្រមាណតែជាង ៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណជាង ២៤ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។
ប្រាក់ចំណូលរបស់ប្រជាជនម្នាក់ធៀបនឹង GDP ក៏បានកើនឡើងប្រមាណ ៥ដង ពោល គឺពីប្រមាណតែ ២៨៨ ដុល្លារ​ ក្នុងឆ្នាំ២០០០ ឡើងដល់ ១៥៦៣ ដុល្លារក្នុងឆ្នាំ២០១៨ ដែលបានធ្វើឱ្យកម្ពុជាសម្រេចបាននូវចំណុចគោលចរមួយដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន គឺការក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥ កន្លងទៅ។

លោកបានបន្តថា ក្រៅពីការសម្រេចបាននូវកំណើន​សេដ្ឋកិច្ចខ្ពស់, កម្ពុជាក៏មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដ៏ល្អប្រសើរផងដែរ។ ជាក់ស្តែង អត្រាអតិផរណាមានកម្រិតទាប គឺក្នុងរង្វង់ ៣,០% និងអត្រាប្តូរប្រាក់ក្នុងកម្រិត៤០៣៧រៀល/ដុល្លារ ដែលធ្វើឱ្យមានកំណើននៃចំណូលពិតរបស់ប្រជាពលរដ្ឋ។ ទំហំពាណិជ្ជកម្ម ក៏មានការកើនឡើងពីប្រមាណតែជាង ៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណជាង ២៨ ប៊ីលានដុល្លារក្នុងឆ្នាំ២០១៨ ពោលគឺមានទំហំរហូត ១២០% ធៀបនឹង GDP ក្នុងខណៈដែលដំណើរការនៃធ្វើពិពិធកម្មក្នុងការនាំចេញ ទាំងលើមុខទំនិញ និងទាំងទីផ្សារនាំចេញ កាន់តែមានសន្ទុះល្អជាលំដាប់។ ទន្ទឹមនឹងនេះ ការវិនិយោគឯកជនមានកំណើនគួរឱ្យកត់សម្គាល់ ហើយវិស័យទេសចរណ៍ក៏កាន់តែរីកលូតលាស់ធំឡើង ដែលបង្ហាញឱ្យឃើញពីសក្តានុពល និងសារៈសំខាន់នៃវិស័យនេះនៅក្នុងសេដ្ឋកិច្ចជាតិ។ ប្រការនេះ បានបង្ហាញឱ្យឃើញពីជោគជ័យនៃនយោបាយសេដ្ឋកិច្ចបើកចំហរបស់កម្ពុជា ពាក់ព័ន្ធឹនឹងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ឯកឧត្តមបានបន្តថា ទុនបម្រុងអន្តរជាតិក៏មានកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ក្នុងខណៈដែលប្រាក់បញ្ញើធនាគារនៅបន្តរក្សាទំហំធៀបនឹង GDP ដែលឆ្លុះបញ្ចំងឱ្យឃើញពីការកើនឡើងនូវទំនុកចិត្តលើវិស័យវិស័យធនាគារ។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរ អំពីការកើនឡើង នៃសមត្ថភាពខាងថវិការបស់កម្ពុជា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគៀរគរចំណូលគ្រប់ប្រភេទ ក៏ដូចជាប្រកាន់ខ្ជាប់នូវវិន័យថវិកាក្នុងការចាយវាយ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនដ៏ខ្ពស់នៃចំណូលក្នុងប្រទេស និងការបង្កើនទំហំនៃការចំណាយថវិការដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសទៅលើវិស័យសង្គមកិច្ច ក្នុងខណៈកម្រិតបំណុលសាធារណៈរបស់កម្ពុចជា ក៏ស្ថិតក្នុងក្រុមប្រទេសដែលមានអនុបាតបំណុលទាបបំផុតក្នុងតំបន់ ហើយស្ថានភាពបំណុលត្រូវបានវាយតម្លៃថា មានចីរភាព និងហានិភ័យកម្រិតទាប។ ឯកឧត្តមបានបន្តថា អត្រាភាពក្រីក្រ និងវិសមភាពចំណូលមានការថយចុះ ដែលឆ្លុះបញ្ចាំងពីភាពល្អប្រសើរនៃជីវភាពរស់នៅរបស់ប្រជាជន។

ជារួម នៅក្នុងដំណើការកសាងជាតិនៅក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ, ប្រទេសកម្ពុជាបានងើបឡើងវិញជាប្រជាជាតិមួយ ដែលមានឯកភាពទឹកដី, មានសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយ, កាន់តែមានសមាហរណកម្មខ្លាំងក្លា និងមានមុខមាត់លើឆាកតំបន់ និងអន្តរជាតិ បន្ទាប់ពីសង្គ្រាមសឹងតែរលាយបាត់ពីផែនទីពិភពលោក ហើយបើទោះបីទឹកដីត្រូវបានរួមតូចក្តី។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍប្រទេសជាទូទៅ មានលក្ខណៈវិជ្ជមាន ទោះបីជាមានការខ្វះចន្លោះខ្លះ និងមាននៅសល់បញ្ហាប្រឈមធំៗ និងផលវិបាកមួយចំនួនបណ្តាលមកពីការផ្លាស់ប្តូរប្រព័ន្ធក្តី។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា ពិភពលោក ក៏ដូចជាតំបន់អាស៊ីកំពុងស្ថិតនៅក្រោមនិន្នាការធំៗចំនួន៤គឺ៖

*ទី១៖ ពហុប៉ូលនៃពិភពលោក
*ទី២៖ ការក្លាយខ្លួនជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចពិភពលោករបស់អាស៊ី ពោលគឺអាស៊ីនឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ, មានទំហំសេដ្ឋកិច្ចជាងគេ និងក្លាយជាមូលដ្ឋានផលិតកម្ម និងជាកន្លែងនៃការប្រើប្រាស់ធំជាងគេថែមទៀត
*ទី៣៖ បដិវត្តឧស្សាហកម្ម
*ទី៤៖ ការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះដែរ ស្ថានភាពនយោបាយពិភពលោកនិងតំបន់ ក៏នឹងមានការប្រែប្រួលផងដែរ ដោយសារការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយរបស់ពិភពលោក និងតំបន់ ព្រមទាំងបញ្ហាមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ទោះបីស្ថានភាព នៃសេដ្ឋកិច្ចពិភពលោកនិងតំបន់នឹងងើបឡើងវិញក្តី តែសេដ្ឋកិច្ចពិភពលោក និងតំបន់ក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួន ផងដែរ។ បរិការណ៍ខាងលើនេះ នឹងធ្វើឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាពមួយចំនួនមកធ្វើការអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន តែកម្ពុជានឹងត្រូវជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។

លោក វង្សី វិស្សុត បានបន្តថា ដើម្បីចាប់យកកាលានុវត្តភាព និងដោះស្រាយនូវបញ្ហាប្រឈមសេដ្ឋកិច្ចខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន រួមមាន៖

*ទី១៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥
*ទី២៖ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤
*ទី៣៖ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

លោកបានគូសបញ្ជាក់ថា កម្ពុជាមានភាពចាំបាច់ណាស់ ក្នុងការជំរុញអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តខាងលើនេះ ដោយក្នុងនោះ កម្ពុជាត្រូវខិតខំសម្រេចឱ្យបានជាអតិបរមានូវគោលដៅទាំង ០៣ នៃគោលយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥​ និង គោលដៅជាយុទ្ធសាស្រ្តទាំង ៤ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកសាងមូលដ្ឋានឆ្ពោះទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានបន្តថា ដើម្បីធ្វើឱ្យចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ២០៥០ នេះ អាចក្លាយជាការពិត ហើយកម្ពុជាអាចក្លាយជាប្រជាជាតិមួយ ដែលមានភាពខ្លាំង និងល្បីរន្ទឺឡើងវិញដូចសម័យមហានរគរ, ដំណើរការកសាងជាតិត្រូវផ្អែកលើកម្លាំងចំនួន៥រួមមាន៖

*ទី១៖ កម្លាំងបង្រួបបង្រួម (Unifying) តា​មរយៈការស្វែងរកនូវបំណងប្រថ្នារួម និងលើកគុណតម្លៃសង្គម និងបុគ្គល ដោយផ្អែកលើជំនឿ សាសនា វប្បធម៌ និងប្រវិត្តសាស្រ្ត ដើម្បីចង់ភ្ជាប់ជាតិរបស់យើង កុំឱ្យបែកគ្នា និងកសាងឱ្យក្លាយទៅជាកោសិកាសង្គមមួយដ៏រស់រវើក
*ទី២៖ កម្លំាងការពារ (Defending) តាមរយៈការអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពកងទ័ព ក្នុងបុព្វហេតុការពារជាតិ និងនយោបាយការទូត ដើម្បីការពាររាល់ផលប្រយោជន៍លើឆាកអន្តរជាតិ, *ទី៣៖ កម្លាំងស្ថិរកម្ម (Stabilizing) តាមរយៈការបង្កើតឱ្យមានយន្តការប្រិតតុល្យការនៃអំណាច, ការដោះស្រាយទំនាស់ និងការគ្រប់គ្រងវិបត្តិ
*ទី៣៖ កម្លាងកសាង (Building) តាមរយៈជំរុញអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារសេរី ប្រកបដោយកំណើនខ្ពស់, បរិយាប័ន្ន និងចិរភាព និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងវិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា និង *ទី៤៖ កម្លាងគាំពារ (Protecting) តាមរយៈការបង្កើតឱ្យមានរបបការគាំពារសង្គម, កម្មវិធីជំនួយសង្គម និងការពារបិរស្ថាននិងធនធានធម្មជាតិ។

ដើម្បីឈានទៅការសម្រេចបាននូវផែនការនៃការកសាងជាតិខាងលើនេះ ទាមទារជាចាំបាច់នូវភាពជាអ្នកដឹកនាំ (Leadership) នៅគ្រប់កម្រិត ទាំងនៅក្នុងវិស័យសាធារណៈ និង​ឯកជន, ការកសាងមូលដ្ឋាននៃធនធានមនុស្ស (Human Resource) និងការកសាងនូវស្ថាប័ន (Institution) ទាំងមូលដ្ឋានច្បាប់, វិធាន និងអភិបាលកិច្ច ព្រមទាំងការលើកកម្ពស់គុណតម្លៃនៃសង្គម និងគុណធម៌នៃបុគ្គល (Value & Virtue) ផងដែរ៕