(ភ្នំពេញ)៖ ក្រុមហ៊ុនហួវៃ ប្រចាំប្រទេសកម្ពុជា បានដឹកនាំនិស្សិតឆ្នើមចំនួន១០ រូបចូលជួបសម្តែងការគួរសមជាមួយលោកស្រី ខែក កែមាលី ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាព​ នៃព្រះរាជា​ណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជា​មា​និតចិន នៅស្ថានទូតកម្ពុជាទីក្រុងប៉េកាំង។

ក្នុងកម្មវិធីសំណេះសំណាល លោកស្រីឯកអគ្គរាជទូត បានបង្ហាញចំណាប់អារម្មណ៍ស្វាគមន៍ និងមោទនភាពចំពោះនិស្សិតកម្ពុជា ដែលបានជ្រើសរើសចូលរួមកម្មវិធីទស្សនកិច្ចសិក្យា ​នាសាធារណរដ្ឋប្រជា​មា​និតចិន ដែលរៀបចំដោយក្រុមហ៊ុនហួវៃ​។

បន្ថែមពីនេះ លោកស្រីឯកអគ្គរាជទូត ក៏បានផ្តាំផ្ញើរ និងរម្លឹកដល់និស្សិតកម្ពុជា ដែលមានឱកាសបានមកដល់សាធារណរដ្ឋប្រជា​មា​និតចិន ឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្វែងយល់ពីភាពរីកចម្រើននៃប្រទេសចិន ជាពិសេសខិតខំប្រឹងប្រែងស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗ ដែលហួវៃមាន ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង សង្គម និងប្រទេសជាតិ។

គួររម្លឹកផងដែរថា គ​ម្រោង «គ្រាប់ពូជដើម្បីអនាគត» ជាសកម្មភាពទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនហួវៃ ដែលជាក្រុមហ៊ុនអន្តរជាតិ ជាមួយនិងការវិនិយោគដ៏ធំបំផុត លើពិភពលោក ហើយមានការបណ្តាក់ទុន​ និងផ្តល់ការងារនៅក្នុងស្រុកជាយូរមកហើយ។

គម្រោងនេះ ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុនហួវៃ តាំងពីឆ្នាំ ២០០៨ ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាទំនាក់ទំនងព័ត៍មានវិទ្យា (ICT) នៅតាមបណ្តាប្រទេសនានា ក្នុងនោះគម្រោង «គ្រាប់ពូជដើម្បីអនាគត»នេះ បានបើកដំណើរការ នៅកម្ពុជាជាលើកទី១​​នៅឆ្នាំ២០១៦។​​​

ក្រោមការជ្រោមជ្រែង និងសហការពីសំណាក់សហភាពសហព័ន្ធយុវជនកម្ពុជា រហូតមកដល់ពេលនេះ មាននិស្សិតចំនួន ២០នាក់ មកពីមហាវិទ្យាល័យផ្សេងៗ​នៅកម្ពុជា មានឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ស្វែងយល់ពីភាពរីកចម្រើននៃបច្ចេកវិទ្យា របស់ក្រុមហ៊ុនហួវៃ​ ដែលបានប្រព្រឹត្តធ្វើនៅទីក្រុងប៉េកាំង និងទីក្រុងសិនជិន នៃសាធារណរដ្ឋប្រជា​មា​និត ។

ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនហួវៃ នៅតែបន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ជ្រើសរើសនិស្សិតឆ្នើម មកពីមហាវិទ្យាល័យនានា សរុបចំនួន១០ រូបទៀត ដើម្បីចូលរួមជាមួយកម្មវិធី ដែលពួកគេបានចាកចេញពីប្រទេសកម្ពុជានាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ៕