(ភ្នំពេញ)៖ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ បានទទួលមរណភាពនៅវេលាម៉ោង ២៖២៥នាទីទៀបភ្លឺថ្ងៃអង្គារ ១២រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ។

មរណភាពរបស់លោក ព្រហ្ម ញាណវិចិត្រ បានធ្វើឲ្យក្រុមគ្រួសារមានក្តីសង្វេគជាពន់ពេក ព្រោះមរណភាពនេះ គឺជាកាត់បាត់លោកឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូបនៅក្នុងសង្គមគ្រួសារ។

លោក ព្រហ្ម ញាណវិចិត្រ ធ្លាប់បានបំពេញការងារជាច្រើនជាប្រយោជន៍នៅក្នុងសង្គមជាតិ។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ក៏ធ្លាប់បានចូលរួមធ្វើសកម្មភាពជាច្រើនក្នុងពិនិត្យពិច័យលើច្បាប់នានា ដែលចងក្រងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

មរណភាពរបស់អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញរូបនេះ ក៏ជាការបាត់បង់នូវធានមនុស្សដែលមានចំណេះជំនាញផ្នែកច្បាប់មួយរូបនៅក្នុងប្រទេសកម្ពុជាផងដែរ។

សពរបស់លោក ព្រហ្ម ញាណវិចិត្រ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ១ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជាធានីភ្នំពេញ។

ក្រុមគ្រួសារសព បានគោរពអញ្ជើញសាច់ញាតិជិតឆ្ងាយ រួមនឹងមិត្តភក្តិរបស់សពអញ្ជើញចូលរួមបុណ្យ ដើម្បីជាការលាគ្នា និងជាការជូនដំណើរជាលើកចុងក្រោយ។

សូមបញ្ជាក់ថា លោក ព្រហ្ម ញាណវិចិត្រ ជាបុគ្គលមួយប្រកបដោយចំណេះដឹង និងធ្លាប់បានបម្រើការងារជាច្រើនជាប្រយោជន៍ដល់សង្គមជាតិ។ លោក បានបម្រើការងារជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងអង់គ្លេសនៅវេិទ្យាល័យព្រះសីហនុរាជ្យ និងវិទ្យាល័យព្រះសុរាម្រិត ក្នុងចន្លោះឆ្នាំ១៩៦៤-១៩៧០។

ក្រោយប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍លោក បានបំពេញការងារជាប្រធានគណៈលេខានិពន្ធកាសែតកម្ពុជា និងធ្លាប់បានធ្វើជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលដឹកនាំការងារមជ្ឈមណ្ឌព័ត៌មាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) និងអគ្គនាយកដ្ឋាន (AKP)។ លោកក៏បានបំពេញការងារជាសាស្ត្រាចារ្យនៅសាលាភូមិន្ទ និងជាក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាលផងដែរ។

នៅឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០២ លោក ព្រហ្ម ញាណវិចិត្រ ធ្លាប់ធ្វើជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានអនុគណៈកម្មាធិការអចិន្ត្រៃយ៍ផ្នែកប្រព័ន្ធផ្សាព្វផ្សាយព័ត៌មាន និងការិយាល័យព័ត៌មានសាធារណៈ។ នៅចន្លោះឆ្នាំ២០០៣ និង២០០៤ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី៕