(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំង តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជនជប៉ុន នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសំណង់អគារសិក្សា ១ខ្នង មាន៤បន្ទប់ ដែលចំណាយថវិកាអស់៤២,០០០ដុល្លារ នៅសាលាបឋមសិក្សាស្ទឹងព្រះស្រុក (ស្ទឹងព្រះស្រុក-តុជិណុហា) ស្ថិតក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានេះ ដោយមានការអញ្ជើញនិមន្តពីសំណាក់ព្រះតេជគុណ ស៊ឺកាដា មឺតណេអូ ព្រះចៅអធិការ នៃព្រះវិហារស្យូហ្វូកុយិ និងលោក អូគីយ៉ា ជិអ រួមនិងវត្តមានរបស់សប្បុរសជប៉ុន ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រួ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប ប្រមាណជា ៥០០អង្គ/នាក់ផងដែរ។

អគារសិក្សានេះ គឺអ្នកឧកញ៉ា សៀង ណាំ ដោយផ្ទាល់ និងព្រះសង្ឃ/សប្បុរសជនជប៉ុន បានចូលរួមកសាង ដោយចំណាយថវិកា សរុបចំនួន ៤២.០០០ដុល្លារ (បួនម៉ឺន និងពីរពាន់ដុល្លារអាមេរិក)។ ក្នុងនោះចំនួនថវិកា ៣២,០០០ដុល្លារ ជាថវិកាចូលរួមរបស់សប្បុរសជនជប៉ុន និងថវិកាចូលរួមរបស់អ្នកឧកញ៉ាផ្ទាល់ ចំនួន ១០,០០០ដុល្លារ ។

នៅក្នុងឱកាសបើកសម្ពោធជាផ្លូវការនោះដែរ អ្នកឧកញ៉ា សៀង ណាំ ក៏បានឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន៣០០នាក់ ក្នុងម្នាក់បានទទួលសារ៉ុង១ លោកគ្រូ-អ្នកគ្រូ ៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល និងសិស្សានុសិស្សចំនួន៣០៣នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅសរសេរ ២ក្បាល, ប៊ិច ២ដើម, បន្ទាត់ ២, កាបូបម្នាក់ៗ ទទួលបាន១។ ចំពោះ កម្លាំងការពារចម្រុះ ៤០ម៉ឺនរៀល និងចំណាយរៀបចំកម្មពិធី ១លាន ៥សែនរៀល៕