(ភ្នំពេញ)៖ លោក នុត​ ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ រួមនឹងព្រះសង្ឃ អភិបាលរង មន្ត្រីរាជការខណ្ឌ-សង្កាត់-ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ៥០គ្រួសារ នៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោក នុត ពុធដារ៉ា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែគិតគូរពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសនៅតាមមូលដ្ឋានប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ជម្ងឺអេដស៍ កុមារកំព្រាជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនដើម្បីដោះស្រាយ ឱ្យបានទាន់ពេលវេលា។

លោក នុត​ ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិ ឱ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។

លោកក៏បានផ្តាំផ្ញើរឱ្យបងប្អូនទាំងអស់ ពិសេសលោកតា លោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរស់នៅបានយូរអង្វែងមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ជាតិយើងបន្តទៀត។

អំណោយដែលត្រូវបានចែកជូន នៅក្នុងឱកាសនេះរួមមាន៖ មួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគ ៧មុខផ្សេងទៀត និងថវិកាចំនួន៣ម៉ឺនរៀល។ ក្នុងនោះ ព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ បានឧបត្ថម្ភបន្ថែមគ្រឿងឧបភោគបរិភោគ ០១កញ្ចប់ផងដែរ៕