(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់គ្រប់គណបក្សនយោបាយទាំងអស់ កុំឱ្យយកតំបន់ប្រាសាទកម្ពុជា ទៅធ្វើជាចំណាប់ខ្មាំង ដើម្បីកេងចំណេញនយោបាយ។

ការប្រកាសរបស់សម្តេចបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅខេត្តសៀមរាប។

សម្តេចថ្លែងយ៉ាងដូច្នេះថា៖ «សូមកុំញុះញង់ប្រជាពលរដ្ឋឱ្យទៅកាន់កាប់តំបន់បេតិកភណ្ឌ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ យើងមានប្រាសាទច្រើនណាស់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវចុះបញ្ជីបន្តទៀត»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នាពេលកន្លងទៅ ឱ្យតែដល់ពេលឃោសនាបោះឆ្នោត អ្នកនយោបាយបានញុះញង់ប្រជាពលរដ្ឋ ឱ្យទៅកាន់កាប់តំបន់អង្គរ ហើយនៅពេលដែលរាជរដ្ឋាភិបាល អាជ្ញាធរដេញឱ្យពួកគាត់ត្រឡប់ទៅវិញ បែរជាចោទរាជរដ្ឋាភិបាលកម្ពុជាថា រំលោភសិទ្ធិប្រជាពលរដ្ឋទៅវិញ។

សម្តេចបានបញ្ជាក់ទៀតថា៖ «បើសិនជា គោរពសិទ្ធិប្រជាពលរដ្ឋ ដែលទៅកាន់កាប់ដីធ្លីនៅតំបន់នោះ ប្រាសាទរបស់យើងខ្ញុំបាត់បង់លក្ខណៈសម្បត្តិ លែងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតហើយ ប៉ុន្តែដើម្បីរក្សាបាននូវលក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក យើងខ្ញុំគ្មានជម្រើសផ្សេងក្រៅតែពីការទៅរុះរោង រុះផ្ទះសម្បែង ហើយឱ្យប្រជាពលរដ្ឋត្រឡប់ទៅវិញ ត្រង់នេះហើយដែលគេចោទរដ្ឋាភិបាលខ្ញុំជារដ្ឋាភិបាលផ្តាច់ការ រំលោភសិទ្ធិមនុស្សរំលោភលំនៅដ្ឋាន ដោយគេមិនបានស្វែងយល់ថាអ្វីទៅពិតប្រាកដ»

សម្តេចតេជោ ហ៊ុន សែន ក៏សង្ឃឹមផងដែរថា ប្រជាពលរដ្ឋនឹងមិនទៅបំពានលើដីប្រាសាទបន្តទៀតទេ ដើម្បីថែរក្សាសោភណ្ឌភាពប្រសាទខ្មែរឱ្យបានស្រស់ស្អាតជានិច្ចនិរន្តរ៍៕