(ភ្នំពេញ​)៖ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​ខ្មែរ ដើម្បីទៅទស្សនកិច្ចក្រុមហ៊ុនចំនួន៤ ដែលវិនិយោគដោយវិនិយោគិនអឺរ៉ុប នៅលើទឹកដីខេត្តសៀមរាប។ ក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុន Artisan d' Angkor , Pactics Factory , Vinci និង​ក្រុមហ៊ុន Total ដែលបានផ្តលឱកាសការងារជាច្រើន ដល់ប្រជាពលរដ្ឋខ្មែរ។

​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះក៏មាន​អ្នកសារព័ត៌មានចំនួន ២០​រូប មកពី១៤ស្ថាប័នផ្សេងៗគ្នា និង​មានការ​ចូលរួម​ពី​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក អេ​ដ​ហ្គា ដា​វីដ ។ ​

បើតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា ដំណើររ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចពិភាក្សា​ជាមួយ​អ្នកសារព័ត៌មាន​ចំនួន​បួន​ស្តីអំពី «ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​ប្រទេស​កម្ពុជា​» ដែល​បាន​ធ្វើឡើង​កាលពីពេលថ្មីៗកន្លងមកនេះ។ ព្រឹ​តិ​ការណ៍​ទាំង ៤ នេះ បាន​ផ្ដោតលើ​ប្រធានបទ​ដូចខាងក្រោម​៖

១៖ ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​កិច្ចអភិវឌ្ឍន៍ (​ថ្ងៃទី ៤ ខែ តុលា​)
២៖ ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​ការទទួលខុសត្រូវ​សង្គម (​ថ្ងៃទី ១៨ ខែ តុលា​)
៣៖ សេដ្ឋកិច្ច​បៃតង​របស់​សហភាព​អឺរ៉ុប (​ថ្ងៃទី ១ ខែ វិច្ឆិកា​)
៤៖ ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​សុវត្ថិភាព​កម្មករ និយោជិត​របស់​សហភាព​អឺរ៉ុប (​ថ្ងៃទី ១៥ ខែ វិច្ឆិកា​)

​កិច្ចពិភាក្សា​ជាមួយ​អ្នកសារព័ត៌មាន​ទាំង​បួន​ រួម​នឹង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ផ្ដល់ឱកាស​ឱ្យ​អ្នកសារព័ត៌មាន​អាចធ្វើ​ការពិភាក្សា​ដោយផ្ទាល់​ជាមួយនឹង​វិនិយោគិន និង​ម្ចាស់​ធុរកិច្ច​អឺរ៉ុប​នៅ​កម្ពុជា ស្វែងយល់ថា​តើ វិនិយោគិន និង​ធុរជន​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​អ្វីខ្លះ​ក្នុងប្រទេស​កម្ពុជា និង​ស្វែងយល់​ពី​ការរួមចំណែក​របស់​ពួកគេ​ ចំពោះ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​ការបង្កើត​ការងារ ការអភិវឌ្ឍ​ជំនាញ នវា​នុ​វត្ត​ន៍ និង​ការអនុវត្ត​ធុរកិច្ច ដែល​ទទួលខុស​ត្រូវចំ​ពោះ​សង្គម និង​មិន​បង្ក​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក លាង ឌឺ​លុច អនុប្រធាន​ប្រតិបត្តិ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​លើកឡើងថា «ជាដំបូង ខ្ញុំ​សូម​អរគុណ​ចំពោះ​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​សំណាក់​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ការគាំទ្រ​​ផ្នែក​ហិរញ្ញវត្ថុ​ពី​សំណាក់​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​បាន​គាំទ្រ​ក្លិប​អ្នកកាសែត​កម្ពុជា ក្នុងការ​រៀបចំ​កិច្ចការ​នេះ»

​ចំណែកលោក George Edgar បានថ្លែងថា ការផ្ដាស់ប្ដូរ​សកម្មភាព​សេដ្ឋកិច្ច គឺជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ក្រុមហ៊ុន​របស់​សហភាព​អឺរ៉ុប​បង្កើត​ការងារ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ទាំងនេះ​មាន​ទស្សនៈ​វែងឆ្ងាយ ជំរុញ​នវានុវត្តន៍ និង​លើកកម្ពស់​ការអនុវត្ត​ធុរកិច្ច ដែល​ទទួលខុស​ត្រូវចំ​ពោះ​សង្គម និង​មិន​បង្ក​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​។ ធុរកិច្ច​សហភាព​អឺរ៉ុប គឺជា​ដៃគូ ប្រកបដោយ​ថាមពល និង​គួរ​ឲ្យ​ទុកចិត្ត​សម្រាប់​កម្ពុជា​៕