(សៀមរាប)៖ ថ្លែងចេញពីទឹកដីអង្គរដ៏ល្បាញល្បីរបស់កម្ពុជា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងផ្ដល់ជាបទពិសោធន៍មួយ ទៅកាន់បណ្ដាប្រទេសនានានៅលើពិភពលោក ដោយមិនគួរប្រើប្រាស់ទណ្ឌកម្មណាមួយ សូម្បីតែបេតិកភណ្ឌ ឬសម្បត្តិវប្បធម៌ ក៏មិនលើកលែងដែរនោះ។

សម្ដេចតេជោ ហ៊ុន សែន ​បានលើកជាឧទាហរណ៍ជាក់ស្ដែងថា ​ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទទាំងអស់របស់កម្ពុជា ត្រូវបានជាប់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិ ដោយសារតែអំឡុងទសវត្សរ៍ឆ្នាំ៨០នោះ អង្គការសហប្រជាជាតិបានទទួលស្គាល់របប ប៉ុល ពត ហើយគ្មានប្រទេសណាគាំទ្ររដ្ឋាភិបាលសម័យនោះឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅព្រឹកមិញនេះ ​សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហានេះ​អាចជាបទពិសោធន៍មួយដល់អន្តរជាតិ ឲ្យមានការពិចារណាមុននឹងសម្រេចចិត្តដាក់ទណ្ឌកម្មលើប្រទេសណាមួយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូន អង្គរវត្ត ព្រះវិហារ ឬប្រាង្គប្រាសាទទាំងអស់នៅក្នុងប្រទេសកម្ពុជា ជាប់ទៅក្នុងទណ្ឌកម្មនយោបាយ និងការហ៊ុព័ទ្ធពីខាងក្រៅ នេះជាចំណុចដែលគួរត្រូវដកពិសោធន៍ មិនគ្រាន់តែសម្រាប់បញ្ហាកម្ពុជាទេ ក៏ប៉ុន្ដែបញ្ហានេះគួរត្រូវដកពិសោធន៍សម្រាប់ ពិភពលោកផងដែរ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដថា «យើងខ្ញុំពិតជាអភ័ព្វ សូម្បីតែអង្គរវត្ដក៏ត្រូវទទួលទណ្ឌកម្ម ដោយសារតែនៅអង្គការសហប្រជាជាតិ នៅទទួលស្គាល់ពួក ប៉ុល ពត ឲ្យកាន់កាប់អសនៈនៅអង្គការសហប្រជាជាតិ ដូច្នេះយើងខ្ញុំអត់មានជំនួយបរទេសណាមកជួយទេ។ ចឹងបញ្ហានេះក៏ជាបទពិសោធន៍ របស់អង្គការសហប្រជាជាតិ ឬក៏ជាបទពិសោធន៍នានា ដែលគេមិនត្រូវបើប្រើប្រាស់ទណ្ឌកម្មណាមួយ ដែលទណ្ឌកម្មនោះ សូម្បីតែបេតិកភណ្ឌ ឬសម្បត្តិវប្បធម៌ ក៏វាត្រូវទទួលរងគ្រោះដោយសារទណ្ឌកម្មរបៀបនោះដែរ»

យ៉ាងណាក៏ដោយ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលរូបនេះ ក៏បានរំលឹកនូវរឿងមួយដែលជាភ័ព្វសំណាងរបស់កម្ពុជា ក្រោយការដាក់ទណ្ឌកម្មនោះ ព្រោះមានសាស្ដ្រចារ្យ អ៊ីស៊ីសាវ៉ា មកពីជប៉ុន​ដែលបានមកសិក្សា ហើយពិភាក្សាជាមួយសម្ដេចជាទៀតទាត់ ហើយបន្ដមកទៀត​រដ្ឋាភិបាលឥណ្ឌា ក៏បានបញ្ជូនអ្នកបច្ចេកទេស មកជួយសង្គ្រោះដំណាក់កាលនៅក្នុងទសវត្សរ៍៨០នេះផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចថា អង្គការសហប្រជាជាតិ និងអន្ដរជាតិទាំងអស់ ​មិនគួរណាទុកឲ្យបេតិកភណ្ឌប្រវត្តិសាស្ដ្រ របស់មនុស្សជាតិ នៅតាមបណ្ដាប្រទេសនានា លូកឡំទៅដោយបញ្ហានយោបាយទេ ព្រោះនេះជាបញ្ហាដាច់ដោយឡែកពីគ្នា៕​​