(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយក្រុមហ៊ុន GRUDNFOS របស់ប្រទេសសិង្ហបុរី នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយពីកម្មវិធី PAY AS YOU SAVE និងការបង្ហាញ លទ្ធផលគម្រោងកែលម្អនៅស្ថានីយទឹកស្អាតក្រុងដូនកែវ ខេត្តតាកែវ» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមានការចូលរួមពីសំណាក់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត អង្គភាព រដ្ឋាករទឹកសាធារណៈ រួមទាំងវិស័យឯកជន ជាពិសេសតំណាងក្រុមហ៊ុន GRUNDFOS។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីកម្មវិធី PAY AS YOU SAVE និងការបង្ហាញលទ្ធផលគម្រោងកែលម្អនៅស្ថានីយទឹកស្អាតក្រុងដូនកែវ ខេត្តតាកែវនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីកម្មវិធីថ្មីមួយដែលក្រុមហ៊ុន GRUNDFOS កំពុងសាកល្បងអនុវត្តនៅកម្ពុជា ជាក់ស្តែង នៅស្ថានីយទឹកស្អាតក្រុងដូនកែវ ខេត្តតាកែវ ដែលជាលទ្ធផល គឺបានធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងផលិតភាពនៃការគ្រប់គ្រងដំណើរការផ្គត់ផ្គង់ទឹកស្អាត បង្កើននូវគុណភាពសេវា ជាពិសេស គឺការកាត់បន្ថយចំណាយថ្លៃដើមចែកចាយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានជម្រាបជូនថា ក្នុងអណត្តិ៥កន្លងទៅ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានខិតខំបំពេញភារកិច្ចរបស់ខ្លួនដែលជាស្ថាប័ន ទទួលបន្ទុកវិស័យទឹកស្អាតទីប្រជុំជន ដូចជា ការកសាងបណ្តាឯកសារគតិយុត្ត និងបទដ្ឋានបច្ចេកទេសនានា, ការបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត, ការផ្តល់ប្រកាសអនុញ្ញាតអចិន្រ្តៃយ៍ ផ្ទាល់ ជំនួស និងប្រកួតប្រជែង, ការរៀបចំឱ្យមានមធ្យោបាយគ្រប់គ្រងវិស័យ និងគ្រប់គ្រងអាជីវកម្ម និងការបង្កើនប្រសិទ្ធភាពដំណើរការអាជីវកម្មរបស់រដ្ឋាករទឹកសាធារណៈ ជាដើម។

លោកបានបន្ថែមថា ទោះជាយ៉ាងនេះក្តី ក៏យើងនៅមានភារកិច្ច និងកាតព្វកិច្ចជាច្រើនទៀតនៅចំពោះមុខ ដែលត្រូវធ្វើដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យ និងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ ដែលថា នៅត្រឹមបំណាច់ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានទឹកស្អាតដែលមានគុណភាព សុវត្ថិភាព ថ្លៃសមរម្យ និងមានចីរភាព ក្នុងនោះ ប្រជាពលរដ្ឋនៅទីប្រជុំជន ៩០% ទទួលបានសេវាទឹកស្អាតពីបំពង់ និង១០% ទទួលបានទឹកស្អាតពីប្រភពផ្សេងទៀត។

ទន្ទឹមនឹងនេះ ក្នុងអណត្តិទី៦ នេះ ក្រសួងក៏ចាំបាច់ត្រូវរៀបចំគោលនយោបាយ ក្នុងការកំណត់ថ្លៃលក់ទឹកឱ្យបានសមស្រប ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជា គាំទ្រឱ្យមានការ វិនិយោគបន្ថែមក្នុងវិស័យផងដែរ ដោយហេតុថា បច្ចុប្បន្នអត្រាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់នៅទូទាំងប្រទេស គឺមានត្រឹមតែ ២៩,៥% តែប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០១៦។
ដូចនេះ យើងឃើញថាបញ្ហានៅចំពោះមុខគឺធំធេងណាស់ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវរួមគ្នាដោះស្រាយ ក្នុងនោះបញ្ហាជាក់ស្តែងមួយដែលទាំងអង្គភាពរដ្ឋាករទឹកសាធារណៈ ទាំងវិស័យឯកជន កំពុងប្រឈម គឺការគ្រប់គ្រង និងការងារបច្ចេកទេស ដែលនៅមានប្រសិទ្ធភាពទាប។ ដូចនេះការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដំណើរការផ្គត់ផ្គង់ទឹកស្អាត គឺជាកត្តាគន្លឹះមួយដ៏សំខាន់ ក្នុងការរួមចំណែកសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០២៥ ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួនចំពោះគោលនយោបាយថ្លៃលក់ទឹករបស់រាជរដ្ឋាភិបាល។ កន្លងមក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានខិតខំប្រឹងប្រែងដើម្បីជម្រុញការងារនេះដែរ ជាក់ស្តែង ប្រតិភូក្រសួង រួមទាំងអ្នកជំនាញការជប៉ុននៃគម្រោងកសាងសមត្ថភាពរបស់ទីភ្នាក់ងារ JICA និងមន្ត្រីជំនាញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះផ្ទាល់ដល់រដ្ឋាករទឹកសាធារណៈតាមបណ្តាខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក៏ដូចជាស្វែងយល់អំពីបញ្ហា និងមូលហេតុចម្បងនៃដំណើរការប្រតិបត្តិការអាជីវកម្មមិនមានប្រសិទ្ធភាព ព្រមទាំងបានផ្តល់នូវអនុសាសន៍កែលម្អយ៉ាងជាក់ស្តែង។ តាមរយៈការងារនេះ រដ្ឋាករទឹកសាធារណៈមានការរីកចម្រើនយ៉ាងច្បាស់លាស់ ទាំងការគ្រប់គ្រង និងផ្នែកបច្ចេកទេស ដែលបានឆ្លុះបញ្ចំាងឱ្យឃើញនូវការកើនឡើងប្រសិទ្ធភាពអាជីវកម្ម ព្រមទាំងគ្រប់អង្គភាពទាំងអស់មានប្រាក់ចំណេញពិត តាំងពីឆ្នាំ២០១៦ ដោយមិនមានការកែសម្រួលថ្លៃលក់ទឹកឡើយ។

នេះគឺជាគម្រូដ៏ជាក់ស្តែងក្នុងការគាំទ្រដល់អង្គភាពរដ្ឋាករទឹកសាធារណៈរបស់យើង ដែលគួរត្រូវបានយកទៅអនុវត្តនៅទូទាំងប្រទេស ក៏ប៉ុន្តែ ដោយធនធាន និងពេលវេលាមានកំណត់ ការជួយគាំទ្រដល់ប្រតិបត្តិករទឹកស្អាតឯកជនរបស់ក្រសួង នៅមានកម្រិតតិចតួចនៅឡើយ។ ដូចនេះ ការចូលរួមពីវិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយគាំទ្រដល់ប្រតិបតិ្តករទឹកស្អាតឯកជនដើម្បីបង្កើនប្រសិទ្ធភាពដំណើការអាជីវកម្ម គឺជាការចាំបាច់ណាស់។

ដោយយល់ឃើញពីភាពចាំបាច់នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសហការជាមួយក្រុមហ៊ុន GRUNDFOS របស់ប្រទេសសិង្ហបុរី អនុវត្តសាកល្បងកម្មវិធី PAY AS YOU SAVE នៅស្ថានីយទឹកស្អាតក្រុងដូនកែវ ខេត្តតាកែវ។

ជាលទ្ធផល យើងសង្កេតឃើញថា ការអនុវត្តកម្មវិធីនេះគឺពិតជាមានសារប្រយោជន៍ណាស់សម្រាប់វិស័យទឹកស្អាតនៅកម្ពុជា ព្រោះថា វិស័យទឹកស្អាតនិយាយជារួម និងប្រតិបត្តិករទឹកស្អាតនិយាយដោយឡែក គឺសុទ្ធតែទទួលបានផលពីកម្មវិធីនេះ ដោយពុំតម្រូវឱ្យមានការវិនិយោគច្រើនឡើយ។

ជាក់ស្តែង សារប្រយោជន៍សម្រាប់វិស័យទឹកស្អាត រួមមាន៖

*ទី១៖ ជួយជម្រុញ និងបង្កើនប្រសិទ្ធភាពដំណើរការប្រតិបត្តិការរបស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ឱ្យបានប្រសើរឡើង ត្រឹមត្រូវតាមលក្ខណៈបចេ្ចកទេស និងធានាគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាត
*ទី២៖ កាត់បន្ថយថ្លៃដើមផលិត និងចែកចាយ ដែលឆ្លើយតបទៅនឹងគោលនយោបាយថ្លៃលក់ទឹករបស់រាជរដ្ឋាភិបាល
*ទី៣៖ បង្កើនអត្រាប្រជាពលរដ្ឋទទួលបានទឹកស្អាត តាមរយៈការបង្កើនប្រសិទ្ធភាពដំណើរការអាជីវកម្ម និងការកាត់បន្ថយទឹកបាត់បង់ ដែលឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិ ផងដែរ។

ដោយឡែកសារប្រយោជន៍សម្រាប់ប្រតិបត្តិករទឹកស្អាត រួមមាន៖

*ទី១៖ ទទួលបាននូវការវិនិយោគថ្មី ដែលត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចជួយដល់ដំណើរការគ្រប់គ្រងការផលិត និងចែកចាយទឹកស្អាតបានល្អប្រសើរ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ *ទី២៖ ទទួលបានប្រាក់ចំណេញ តាមរយៈការកាត់បន្ថយចំណាយលើថាមពល ទឹកបាត់បង់ ចំណាយថែទាំ និងចំណាយលើការប្រើប្រាស់សារធាតុគីមី ជាដើម
*ទី៣៖ ទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសបន្ថែមអំពីដំណើរការផ្គត់ផ្គង់ទឹកស្អាត
*ទី៤៖ គុណភាពទឹកផលិត និងចែកចាយ រួមទាំងគុណភាពសេវា បានប្រសើរឡើង និងអនុលោមតាមស្តង់ដារកំណត់៕