(ភ្នំពេញ)៖ លោក ហាច​​​​​​​ ហ៊ាន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការអនុវ​ត្តប្រកាសស្តីពីនីតិវិធី នៃការបង់ភាគទាន ចំពោះក្រសួង​ ស្ថាប័នរដ្ឋ និងនីតិបុគ្គល ដែលមិនបានបំពេញកាតព្វកិច្ចជ្រើសរើសជនមានពិការភាពចូលបម្រើការងារ មានគោលបំណងជំរុញ ការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យស្តីពីការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ។

លោក ហាច​​​​​​​ ហ៊ាន បានបន្ថែមថា ប៉ុន្តែមិនមែនចង់បានការបង់ភាគទាន ពីប្រធានក្រសួងស្ថាប័នរដ្ឋ និងនីតិបុគ្គលទេ គឺចង់ឲ្យជនមានពិការភាពទទួលបានការងារធ្វើ និងអាចចិញ្ចឹម​ជីវិត ដោយខ្លួនឯង ហើយថវិកាដែលបានពីការបង់ភាគទាន គឺសម្រាប់ជួយដល់ការអនុវត្តគម្រោងកម្មវិធីផ្តល់មូលនិធិ និងគម្រោងផ្សេងៗទៀត ដែលជួយដល់ជនពិការ និងគាំទ្រដល់ស្ថាប័ន គ្រឹះស្ថាននានា ដែលផ្តល់សេវាកម្មដល់ជនមានពិការភាព ដូចជា ផ្នែកសុខាភិបាល ស្តារលទ្ធភាពពលកម្ម អប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងជំនាញច្បាស់លាស់។

ការថ្លែងរបស់លោក ហាច​​​​​​​ ហ៊ាន បានធ្វើឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធី នៃការបង់ភាគទានចំពោះក្រសួង ស្ថាប័នរដ្ឋ និងនីតិបុគ្គល ដែលមិនបានបំពេញកាតព្វកិច្ចជ្រើសរើសជនពិការ ឲ្យចូលបម្រើការងារ រៀបចំធ្វើនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

លោក ហាច​​​​​​​ ហ៊ាន បានបន្តថា កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប្រកាសនៅក្នុងទិវាជនពិការ ៣ធ្នូ គឺតម្រូវ​ឲ្យមានកិច្ចពិភាក្សាសម្របសម្រួលជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជ​ន និងយុវនីតិសម្បទា លើការងារអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រោះសម្តេចប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ពីការរៀបចំអនុក្រឹត្យនេះ និងបានថា ប្រធានស្ថាប័នរដ្ឋជាអ្នកបង់ដោយផ្ទាល់ មិនមែនថវិការបស់ក្រសួងទេ ពីព្រោះសម្តេចក៏គាត់ចង់ឲ្យប្រធានស្ថាប័ន មានឆន្ទៈ ក្នុងការជ្រើសរើសជ​ន​មានពិការភាព ចូលបម្រើការងារ ហើយយោងតាមច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ គឺបានឯកភាពលើច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការ លើលក្ខណៈសម្បត្តិ ក្នុងការជ្រើសរើសជនមានពិការភាពបម្រើការងារ។

នាយកប្រតិបត្តិមូលនិធិជនពិការ បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បីបណ្តុះបណ្តាលបុគ្គលិកមូលនិធិជនពិការ ឲ្យមានសមត្ថភាពពេញលេញ ក្នុងការទទួលបានការបង់ភាគទាន និងជួយណែនាំបំពេញបែបបទនៃការបង់ប្រាក់ភាពទាននេះ ព្រមទាំងជួយផ្សព្វផ្សាយ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការជាដើម។ លោកនាយកប្រតិបត្តិមូលនិធិជនពិការ ទទួលស្គាល់ថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ នៅតែមានបញ្ហាស្មុគស្មាញ តែយ៉ាងណាយើងគ្រប់គ្នា ត្រូវតែបញ្ចេញមតិ និងលើកជាសំណួរ ដើម្បីយកមកពិភាក្សាគ្នា និងដោះស្រាយឲ្យបានស៊ីជ​ម្រៅ។

ជាមួយគ្នានោះ នាយកប្រតិបត្តិមូលនិធិជនពិការ ក៏បានបញ្ជាក់ពីគម្រោងការងាររបស់មូលនិធិជនពិការ នៅដើមឆ្នាំ២០១៩នេះថា​ នឹងមានការដកចេញពីអង្គការមួយដែលធ្លាប់ បានជួយគាំទ្រ មណ្ឌលស្តារចំនួន៣ ក្រៅពីមួយជាការរួមចំណែកមួយទៀត សម្រាប់ជួយដល់ការអនុវត្តគម្រោងកម្មវិធីផ្សេងៗ ដល់ជនមានពិការភាព និងការគាំទ្រដល់ស្ថាប័ន គ្រឹះស្ថាន​នានា ដែលផ្តល់សេវាកម្ម ដល់ជនពិការដូចជា ផ្នែកសុខាភិបាល ស្តារលទ្ធភាពពលកម្ម អប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងរកការងារឲ្យធ្វើ៕