(តាកែវ)៖ គួរឱ្យសង្វេគណាស់សម្រាប់ក្មេងស្រីម្នាក់ ដែលមានអាយុត្រឹមតែ០៩ឆ្នាំ ត្រូវបានជនស្រវឹងខួប ចាប់យកទៅរំលោភរហូតបានសម្រេច និងសម្លាប់ចោលយ៉ាងអាណោធអាធ័ម ដើម្បីបំបាត់ភ័ស្តុតាង នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រែកប្បាស់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ ឱ្យដឹងថា ករណីឃាតកម្មរំលោភ និងសម្លាប់នេះ បង្កឡើងដោយជនសង្ស័យឈ្មោះ យ៉េន ធី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សស្រវឹងខួប ទាំងយប់ទាំងថ្ងៃ ហើយជនសង្ស័យរស់នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឆៃ លីកា អាយុ០៩ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា។

បើតាមលោកអធិការនគរបាល ស្រុកព្រៃកប្បាស់ បានបន្តថា មុនពេលកើតហេតុជនសង្ស័យ បានចាប់ក្មេងស្រីយកទៅរំលោភនៅផ្ទះរបស់ខ្លួន ខណៈដែលស្រវឹងស្រាជោគជាំ ហើយពេលកំពុងធ្វើសកម្មភាពរំលោភ ក៏ត្រូវបានក្មេងប្រុសឈ្មោះ សម្បត្តិ ផាន់ណេត អាយុ១៤ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយឃើញ។ ក្រោយដឹងថា មានគេឃើញហើយជនសង្ស័យឈ្មោះ យ៉េន ធី ក៏បានចាប់ច្របាច់កក្មេងស្រីរងគ្រោះសម្លាប់ចោល តែម្ដងរួចយកសពទៅទំលាក់ចោលក្នុងស្រះទឹកខាងលិចផ្ទះរបស់ខ្លួន និងបានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលស្រុកព្រៃកប្បាស់ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ឆ័យទៅលើក្មេងស្រីរងគ្រោះ រួចបានសន្និដ្ឋានថាក្មេងស្រីរងគ្រោះពិតជាត្រូវគេរំលោភ និងសម្លាប់ពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើង ស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕