(បាត់ដំបង)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំង និងឲ្យកាន់តំណែងលោក ប៉ែន សារិយូ ពិអភិបាលរងស្រុក ទៅជាអភិបាលស្រុកបាណន់ ខណៈលោក ជុំ ញ៉ ជាអភិបាលស្រុកចាស់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។

ពិធីប្រកាសតែងតាំងនេះ ប្រព្រឹត្តឡើងននៅសាលប្រជុំសាលាស្រុកបាណន់ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធស្រុក អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ អាជីវករ ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។

នៅក្នុងឱកាសនេះដែរ លោក ងួន រតនៈ បានផ្តាំផ្ញើដល់លោកអភិបាលស្រុកបាណន់ ដែលទើបប្រកាសឡើងកាន់មុខតំណែងថ្មីនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ខិតខំធ្វើការបំរើប្រជាពលរដ្ឋក្នុងស្រុក ពិសេសបំរើការងារសេវ៉ារដ្ឋបាលសាធារណៈទូទៅជូនពួកគាត់ឱ្យបានល្អ។

លោក ងួន រតនៈ ក៏បានថ្លែងអំណរគុណ និងកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការសាលាស្រុកទាំងអស់ ពិសេសលោកអភិបាលស្រុកចាស់ ដែលបានខិតខំធ្វើការបំរើប្រជាពលរដ្ឋបានល្អ រហូតដល់អាយុត្រូវបានចូលនិវត្តន៍នាពេលនេះផងដែរ៕