(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១០ខែ ឆ្នាំ២០១៨នេះ អង្គភាពស៊ីម៉ាក់បានរំដោះផ្ទៃដីចំនួនជាង៧៥គីឡូម៉ែត្រក្រឡា ក្នុងនោះរុករកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានសរុបរួមមានចំនួន៣៧,៦៦៥គ្រាប់។​

លោកបានបញ្ជាក់ថា ក្រៅពីសម្រេចបាននូវការងាររុករកគ្រាប់មីនហើយនោះ ស៊ីម៉ាក់បានធ្វើសកម្មភាពអប់រំ នូវការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម​ ការងារស្រាវជ្រាវតំបន់គ្រាប់មីន​ និងការហ្វឹកហ្វឺនជំនាញសកម្មភាពកំចាត់មីន។

លោកអគ្គនាយកក៏បានបញ្ជាក់ថា សម្រាប់ផែនការឆ្នាំ២០១៩​ ស៊ីម៉ាក់គ្រោងរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានចំនួន១១៦គីឡូម៉ែត្រក្រឡា​ ជាមួយសកម្មភាពអប់រំ​ ការស្រាវជ្រាវតំបន់គំរាមកំហែង​ និងការជួយសង្គ្រោះជនពិការដោយសារមីន​ ដែលនឹងពង្រាយកំលាំងប្រតិបតិ្តការប្រមាណ១,៧០០​នាក់​ សុនខ​៦៨ក្បាល​ គ្រឿងចក្រកំទេចមីនចំនួន៤៥គ្រឿង​ និងកំលាំងអន្តរាគមន៍​ បណ្តាញសគ្រ័ចិត្តជាង២,៥០០នាក់​ និងជាពិសេសសហការជិតសិទ្ធជាមួយអាជ្ញាធរមូលដ្ឋាន​ និងនគរបាលមូលដ្ឋាន​ ដើម្បីឆ្លើយតប និងផ្តល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

លោកបញ្ជាក់ទៀតថា ដើម្បីសំរេចគោលដៅផែនការឆ្នាំ២០១៩ អង្គភាពស៊ីម៉ាក់ ត្រូវអនុវត្តគំរោងនានាចំនួន២៩គំរោង​ គិតជាថវិកាចំនួនជាង១៦លានដុល្លា​រអាមេរិក​ ហើយមកដល់ពេលនេះ អង្គភាពមានគំរោងមួយចំនួនបានទទួលការអនុមត័រួចហើយ​ ដែលមានថវិកាសរុបប្រមាណ១២លានដុល្លារ​ គំរោងនៅសល់ស្ថិតក្នុងដំណាក់កាលចរចារ ដើម្បីទទួលបានការឯកភាព៕