(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។

ពិធីអបអរសាទរនេះ ក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា, ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO, មន្ត្រីអាជ្ញាធរអប្សរា រួមនឹងមន្ត្រីមកពីតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖

- ដើម្បីអបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក
- ដើម្បីបង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ
- ដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌
- ដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា
- ដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
- ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ។

ព្រឹត្តការណ៍ត្រូវបានរំពឹងថា នឹងក្លាយទៅជាការរួបរួមកម្លាំងជាតិតែមួយ ដើម្បីការពារសម្បត្តិបេតិកភណ្ឌជាតិ, បង្ហាញមោទនភាពជាតិខ្មែរទៅកាន់ឆាកអន្តរជាតិ ជាពិសេសការផ្សព្វផ្សាយពីមរតកបេតិកភណ្ឌ, ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងសកម្មភាពលើកកម្ពស់វិស័យបេតិកភណ្ឌ, ជំរុញឱ្យកាន់តែស្រលាញ់ ថែរក្សា និងអភិរក្ស បេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់តំបន់រមណីយដ្ឋាន និងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា ICC-Angkor ត្រូវបានបង្កើតឡើង​នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍អង្គរ បន្ទាប់ពីប្រាសាទជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនៅសាន់តាហ្វេ សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

គណៈកម្មាធិការមួយនេះបង្កើតឡើងដំបូងមានរយៈពេលតែ ១០ឆ្នាំប៉ុណ្ណោះ។ តែដោយមើលឃើញពីតួនាទីដ៏សំខាន់របស់គណៈកម្មាធិការមួយនេះក្នុងអភិរក្ស និងអភិវឌ្ឍន៍អង្គរនោះ ទើបមានការបន្ថែមសុពលភាពរយៈពេល ១០ឆ្នាំចំនួនពីរដងទៀត។ ការបន្ថែមសុពលភាពចំនួនពីរដងនេះ មួយដងត្រូវបាន​ធ្វើឡើងតាមរយៈ​កិច្ចប្រជុំ​នៅទីក្រុងប៉ារីស ថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០០៣ និងមួយដងទៀតធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល នៅប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣។

ICC-Angkor មានបារាំង និងជប៉ុន ជាសហប្រធាន, លេខាធិការដ្ឋានវិទ្យាសាស្រ្តអចិន្ត្រៃយ៍ ទទួលបន្ទុកដោយការិយាល័យតំណាង​អង្គការយូណេស្កូប្រចាំព្រះ​រាជាណាចក្រ​កម្ពុជា និង អាជ្ញាធរជាតិអប្សរា តំណាងរាជរដ្ឋាភិបាលកម្ពុជា។

សមាជិក ICC-Angkor មានចំនួន៣៧ប្រទេស មកពី ៥ទ្វីប និងមានអង្គការអន្តរជាតិចំនួន ១៣ទៀត។ ចំនួនអ្នកជំនាញបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor ក៏បានកើនឡើងជាលំដាប់ផងដែរ ពីចំនួន ៥០នាក់ មកក្នុងចន្លោះ ៣៥០នាក់ នាពេលបច្ចុប្បន្ននេះ។

ICC-Angkor មានតួនាទី និងភារកិច្ចសំខាន់ក្នុងការស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាបអង្គរ។ ICC-Angkor បានបញ្ចប់ដំណាក់កាលស្រោចស្រង់អង្គរហើយ ក្នុងរយៈពេល១០ឆ្នាំ (១៩៩៣-២០០៤) ។ ដំណាក់កាលបច្ចុប្បន្ននេះ គឺការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០០៤ មកដល់បច្ចុប្បន្ន)។

សមិទ្ធផលសំខាន់ៗ ដែល ICC-Angkor សម្រេចបានក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍អង្គរនោះមានដូចជា៖ កិច្ចការជួសជុលប្រាសាទ និងអភិរក្សបេតិកភណ្ឌ, គម្រោងបណ្តុះបណ្តាលថែទាំប្រាសាទ ស្រាវជ្រាវ អភិវឌ្ឍ និងការចូលរួមរបស់ប្រជាពលរដ្ឋ, លើកតម្លៃរមណីយដ្ឋានអង្គរតាមរយៈក្រមប្រតិបត្តិអង្គរ, ការពង្រីកប្រព័ន្ធទូរគមនាគមន៍, បណ្តុះបណ្តាលភ្នាក់ងារទេសចរណ៍ប្រចាំការតាមប្រាសាទ, សាងសង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និង សារមន្ទីរកុលាលភាជន៍អង្គរនៅភូមិតានីក្រោមជំនួយរបស់ជប៉ុន, សាងសង់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីអាគ្នេយ៍ ក្រោមកិច្ចសហការទន្លេមេគង្គ-គង្គា (MEKONG-GANGA COOPERATION-MGC) និងហិរញ្ញប្បទានឥតសំណងពីប្រទេសឥណ្ឌា, បន្តសិក្សានិងរៀបចំផែនការគ្រប់គ្រងទេសចរណ៍នៅអង្គរ(TMP) ដោយសហការជាមួយប្រទេសអូស្ត្រាលី, ការងារជួសជុល និងស្ថាបនាផ្លូវក្រោមជំនួយអន្តរជាតិ និងមានបដិភាគរបស់អាជ្ញាធរជាតិអប្សរា, ការងារតបណ្តាញអគ្គិសនី និងការថែទាំស្ទឹងសៀមរាប និងស្តារប្រព័ន្ធធារាសាស្រ្ត បង្ការទឹកជំនន់ជាដើម៕