(ភ្នំពេញ)៖ អាសូរណាស់ យុវតីម្នាក់ ដែលជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អរុណវត្តីម្នាក់ បានបើកម៉ូតូជែងជាមួយរ៉ឺម៉ក រួមទៅទាក់ដៃចង្កូតម៉ូតូបណ្តាលឱ្យដួល ត្រូវរថយន្តបើកមកពីក្រោយជាន់ហ្វ្រាំង មិនទាន់កិនបែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី០៣ ខែធ្នូឆ្នាំ ២០១៨នេះ នៅតាមបណ្តាយផ្លូវបេតុង ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងត្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានៅភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ បាន ស្រីពេជ្រ អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អរុណវត្តី និងមានលំនៅភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានស្លាប់នៅកន្លែង។ ចំណែករថយន្តកិន មនុស្សស្លាប់ជារថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខបាត់ដំបង ៣A.១៤៩៤ បើកបរដោយបុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន។

មន្ត្រីនគរបាលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកស្តុបពីមួយគ្រឿង ពាកស្លាកលេខ ភ្នំពេញ ១GQ៧០២៩ មួយគ្រឿង ដោយមិត្តភក្កិឈ្មោះ ហង្ស ស្រីពេជ្រ អាយុ១៥ឆ្នាំ ជាអ្នកឌុបធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ចេញពីសាលារៀនគោលបំណងត្រឡប់ទៅផ្ទះ។

មន្ត្រីនគរបាលបានបញ្ជាក់ថា នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ក៏បានជិះម៉ូតូជែង រ៉ឺម៉កម៉ូតូមួយគ្រឿងមិនផុតទាក់ដៃចង្កូត បណ្តាលឱ្យដួល ហើយត្រូវរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ មកពីក្រោយកិនបែកក្បាលស្លាប់នៅកន្លែងតែម្តង។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ភ្លាមៗក្រុមគ្រួសារជនរងគ្រោះក៏បានធ្វើដំណើរទៅដល់កន្លែងកើតហេតុហើយ នាំគ្នាយំអោបសពកូនយ៉ាងក្តុកក្តួលបំផុត។

បច្ចុប្បន្នរថយន្ត និងម៉ូតូព្រមទាំងអ្នកបើកបរ ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីចាត់ការតាមច្បាប់។ ចំណែកសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕