(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព បានឲ្យដឹងថា ជនមានពិការភាពកក្រីក្រនៅតាមសហគមន៍ ចំនួន៨,៧០០នាក់ កំពុងទទួលបាននូវផលប្រយោជន៍ តាមរយៈការអនុវត្តការផ្ដល់របបគោលនយោបាយ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ដ្រជាតិ និងគោលនយោបាយជាតិនានា ទាក់ទិននឹងការកាត់បន្ថយភាពក្រីក្រ។

ក្នុងសារលិខិត​ដែលផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្ដល់កម្មសិទ្ធិដីធ្លី និងបានកសាងលំនៅឋាន ជូនជនមានពិការភាពតាកែនកោះស្លា តំបន់អភិវឌ្ឍជនមានពិការភាពខេត្តកំពត ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាល ក៏បានផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម នៅតាមសហគមន៍ និងគាំទ្រជនមានពិការភាព ចងក្រងក្រុមជួយខ្លួនឯង ចងក្រងអង្គការជនមានពិការភាពថ្នាក់ឃុំ ស្រុក ខេត្ត ក្នុងទិសដៅឲ្យជនមានពិការភាព អាចជួយគ្នាទៅវិញទៅមក រៀបចំផែនការក្នុងការដាក់បញ្ចូលវិស័យពិការភាព ជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ស្រុក និងខេត្ត ជាពិសេសចូលរួមចំណែកជួយដល់ជនមានពិការភាពក្រីក្រ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ប្រកបដោយភាពឯករាជ្យស្មើភាព ស្មើសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ។

សម្ដេចគូសរំលេចថា រហូតមកដល់បច្ចុប្បន្ន ជនមានពិការភាពបានចងក្រុមជួយខ្លួនឯងចំនួន១៩៥០ក្រុម អង្គការជនមានពិការភាពចំនួន៧០ ជនមានពិការភាពប្រមាណចំនួន២៨,០០០នាក់ ក្នុងមួយឆ្នាំ បានទទួលការផ្ដល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា និងជនមានពិការចំនួន៣៦៣នាក់ បានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរក្នុងឆ្នាំ២០១៨។

បើតាមការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ជនមានពិការភាពក្រីក្រនៅតាមសហគមន៍ បាននិងកំពុងទទួលនូវផលប្រយោជន៍ជាច្រើន ដូចជា ការពិនិត្យព្យាបាល និងការថែទាំសុខភាព ការទទួលសេវាស្ដារលទ្ធភាពពលកម្ម ថ្លៃអាហារហូបចុក សោហ៊ុយធ្វើដំណើរ ការស្នាក់នៅដោយឥតគិតថ្លៃ នៅខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយជាតិគាំពារសង្គម ផែនការយុទ្ធសាស្ដ្រជាតិ និងគោលនយោបាយជាតិនានា ដែលទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ៕​