(ភ្នំពេញ)៖ អតីតសិស្ស-និស្សិតក្រីក្រមួយក្រុមបានមកជួបជុំគ្នា នៅសាលា USA international school ត្រើយខាងកើតស្ពានច្បារអំពៅ ដើម្បីរំលឹករឿងរ៉ាវកម្សត់មួយចំនួន ដែលធ្លាប់ឆ្លងកាត់ ស្ទើរបោះបង់ចោលការសិក្សា ព្រោះតែជីវភាព ខ្វះខាត។ ប៉ុន្តែក្រោយពីការប្រឹងប្រែង ព្យាយាម រៀនសូត្រ និងទទួលបានការជួយឧបត្ថម្ភពីមូលនិធិអាមេរិកាំង-កម្ពុជាសម្រាប់ការអប់រំ ដែលហៅ កាត់ថា (CAFFE) បានធ្វើឲ្យពួកគេខ្លះរៀនចប់ជំនាញ និងខ្លះបញ្ចប់ថ្នាក់ឧត្ដមសិក្សា ហើយមានការងារធ្វើល្អៗ គ្រាន់ចិញ្ចឹមជីវិតមកដល់ពេលសព្វថ្ងៃនេះ។

អតីតនិស្សិតនៅសាកលវិទ្យាល័យបៀលប្រាយម្នាក់ ក្នុងចំណោមនិស្សិតជិត២០នាក់ ដែលបានមកជួបជុំគ្នា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកនាង ណុប ច័ន្ថា បានរំលឹករឿងរ៉ាវថា ដោយសារជីវភាពក្រីក្រ ស្ទើរបោះបង់ចោល ការសិក្សាទៅហើយ ប៉ុន្តែបានជំនួយឧបត្ថម្ភ ពីអង្គការស្បៀងអាហារពិភពលោក ទើបផ្លាស់ប្ដូរពីការសិក្សានៅខេត្តកំពត មកបន្តរៀនថ្នាក់ទី១០ និង១១ នៅវិទ្យាល័យអង្គរជុំ ខេត្តសៀមរាប។ យ៉ាងណាក៏ដោយ ជំនួយមានរយៈពេលត្រឹមតែ២ឆ្នាំ មិនអាចធ្វើឲ្យការសិក្សា រៀនចប់ចុងចប់ដើមឡើយ គឺក្រោយមកបានការឧបត្ថម្ភពីមូលនិធិ CAFFEE) ទើបជួយឲ្យការសិក្សារហូតដល់ចប់ថ្នាក់វិទ្យាល័យ និងបានបញ្ចប់ថ្នាក់សិក្សា នៅសាកលវិទ្យាល័យបៀលប្រាយ ដោយជោគជ័យនៅអំឡុង ឆ្នាំ២០១៤។ ការផ្ដល់នូវចំណេះដឹងនេះហើយ ទើបធ្វើឲ្យនាងសម្រេចក្ដីបំណងខ្លួនឯងពីការរកប្រាក់រៀនមិនចង់បាន ឥលូវមានសេដ្ឋកិច្ចឯករាជ្យ អាចមានលទ្ធភាពចាយវាយបានគ្រប់គ្រាន់ និងសល់ប្រាក់ខ្លះ ជួយផ្គត់ផ្គង់អ្នកផ្ទះ ក្រោយពីបានរៀនចប់ និងមានការងារធ្វើ នៅក្នុង ក្រុមហ៊ុនធានារ៉ាប់រងមួយ។

កញ្ញា ជា សុជី រៀនជំនាញនៅសាលាឯកជនមួយ បានរៀបរាប់ដែរថា ដោយសារតែភាពក្រីក្រ នាងគ្មានសង្ឃឹមឡើយថា អាចរៀនចប់ថ្នាក់វិទ្យាល័យ ។ នាងជាកូនកំព្រា រស់នៅជាមួយជីដូនតាំងពីនៅតូច បានចិញ្ចឹមមាន់លក់យកប្រាក់ទៅរៀន តាំងពីថ្នាក់បឋម រហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ។ និយាយទាំងអួលដើម.ក លាយឡំដោយកែវភ្នែករលីងរលោងផងនោះ នាង សុជី បានរៀបរាប់ថា នៅអំឡុងពេលរៀននៅវិទ្យាល័យ នាងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញអាហារ និងគ្មានលុយទិញសម្ភារៈប្រើប្រាស់នោះទេ ម៉្លោះហើយ នាងបានឆ្លៀតរកប្រាក់តាមរយៈមើលកង់នៅសាលាដូរយកបាយមួយពេល រហូតរៀនចប់ នៅវិទ្យាល័យ។ ប៉ុន្តែការរៀនសូត្រនៅតែមិនអាចបន្តដល់ថ្នាក់មហាវិទ្យាល័យបានឡើយ ទើប ក្រោយមកនាងទទួលបានមូលនិធិ CAFFE ជួយ ឧបត្ថម្ភរៀននៅសាលាជំនាញ ទើបចប់ បានការងារធ្វើ នៅភោជនីយដ្ឋានមួយកន្លែង នៅ រាជធានីភ្នំពេញសព្វថ្ងៃនេះ។

អ្នកស្រី សុង លីសា រស់នៅខេត្តសៀមរាប បច្ចុប្បន្ន មានកូនមួយ ដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យបៀលប្រាយអំឡុងឆ្នាំ២០១៤ បានរំលឹកពីអតីតកាលដ៏លំបាកដែរថា អ្នកស្រីគ្មានលទ្ធភាពរៀននោះឡើយ ហើយស្ទើរតែរកអាហារ ៣ពេលមិនបានផង ដោយជួនកាលដើរបេះត្រកួនតាមរបងសាលាយកមកឆាជាមួយមីញុំានៅអំឡុងពេលរៀនវិទ្យាល័យ ។ និយាយបណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរ សីលា សម្ដែងអារម្មណ៍ថា ស្ទើរតែគ្មានសង្ឃឹមឡើយ ថា បានរៀនចប់ថ្នាក់មហាវិទ្យាល័យ ប៉ុន្តែបានមូលនិធិ CAFFEE បានជួយឲ្យរៀនចប់សាកល វិទ្យាល័យបៀលប្រាយ ហើយសព្វថ្ងៃបានការងារធ្វើ នៅមន្ទីរកិច្ចការនារីខេត្ត។

មូលនិធិអាមេរិកាំង-កម្ពុជា សម្រាប់ការអប់រំ ដែលហៅកាត់ថា (CAFFE) បានបង្កើតឡើង នៅអំឡុងឆ្នាំ២០០៩ ដោយលោក ម៉សល ឃីម ដែលជាកូនខ្មែររស់នៅអាមេរិក។

លោក ម៉សល ឃីម ប្រធានមូលនិធិកម្ពុជា -អាមេរិក សម្រាប់ការអប់រំហៅកាត់ CAFFE បានថ្លែងថា នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ឪពុក-ម្ដាយរបស់លោក ត្រូវបានពុលពតសម្លាប់ អស់ហើយ ។ នៅអំឡុងឆ្នាំ១៩៨២ លោកបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅអាមេរិក។ នៅពេលមានលទ្ធភាព ហើយនៅពេលបានមក ដល់ស្រុកខ្មែរ ឃើញថា ប្រជាជនមួយចំនួនប្រឈមនឹងបញ្ហាជីវភាព ហើយឈានទៅបោះបង់ចោលការសិក្សា ទើបលោកសម្រេចចិត្តបង្កើត មូលនិធិ និងកៀរគរថវិកាពីបងប្អូននៅអាមេរិក ដើម្បីជួយសិស្សនិស្សិតក្រីក្រនៅកម្ពុជា។

មូលនិធិដែលបានចាប់ផ្ដើមអស់រយៈពេលប្រមាណជា១០ឆ្នាំមកនេះ ដោយបានជួយសិស្ស និស្សិតក្រីក្រ ប្រមាណជិត៣០នាក់មកហើយ មក ។ ក្រៅពីជួយឧបត្ថម្ភជាថវិកាដល់សិស្ស និស្សិតក្រីក្រ មូលនិធិក៏បានជួយជាសម្ភារៈដល់សិស្ស ក៏ដូចជាសាលាខ្វះខាតមួយចំនួននៅតាមបណ្ដាខេត្តផងដែរ៕