(ព្រៃវែង)៖ ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅស្រុកស៊ីធរកណ្តាល សរុបប្រមាណ​១,២០០នាក់ បានចូលរួមប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) ក្រោមអធិបតីភាពលោក ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានស្រុកស៊ីធរកណ្តាល។

នៅក្នុងឱកាសកម្មវិធីមីទ្ទិញ ដែលប្រព្រឹត្តឡើងក្នុងវិទ្យាល័យព្រៃដើមថ្នឹង នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានបញ្ចេញទស្សនៈគាំទ្រ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តាមរយៈការប្រកួតប្រជែងជ្រើសរើសកំណាព្យដែលមានស្នាដៃល្អ ចំនួន​៩​ក្នុងចំណោមកំណាព្យជាច្រើន។

តំណាងរាស្ដ្រ ជាម ប៉េអា បានវាយតម្លៃថា ស្នាដៃរបស់យុវជនយុវនារីស្រុកស៊ីធរកណ្តាលទាំងនេះ បានសរបញ្ជាក់ឲ្យឃើញថា ស្មារតី២ធ្នូ គឺស្ថិតស្ថិរជាអមតៈនៅក្នុងទឹកចិត្តកូនខ្មែរ​។

លោក​តំណាងរាស្រ្តរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ជោគជ័យ២ធ្នូ គឺជាកំណត់នៃជ័យជម្នះ ៧មករា តាមរយៈកត្តាជោគជ័យនេះ ស្របនឹងការផ្លាស់ប្តូរឈ្មោះ ពីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មករណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»

គេបានសង្កេតឃើញថា ប្រជាពលរដ្ឋ និងយុវជនមានភាពសស្រាក់សស្រាំ នៃការចូលរួមរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលកត្តានេះនាំឲ្យកម្ពុជា មានកិតិ្តយសបោះសំឡេង នៅក្នុងឆាកជាតិ និងអន្តរជាតិ រហូតដល់​កម្ពុជា ត្រូវបានប្រសិទ្ធនាមជាប្រទេសអច្ឆរិយ និងរហូតសម្រេចបាននូវកំណើនសេដ្ឋកិច្ចថេរជាមធ្យម​៧ភាគរយ ជារៀងរាល់ឆ្នាំ ហើយជាប់ចំណាត់ថ្នាក់លេខ ៣លើពិភពលោក៕​