(ភ្នំពេញ)៖ ព្រោះតែទំនាស់កន្លែងសំចតរថយន្ត បានធ្វើឲ្យមន្ត្រីយោធា ឈ្លោះប្រកែកគ្នាជាមួយអ្នកបើករថយន្តម្នាក់ទៀត រហូតដល់ហៅបក្ខពួក​វាយតប់គ្នាយ៉ាងអនាធិបតេយ្យ និងឈានដល់ការផ្ទុះអាវុធ​ចំនួន២គ្រាប់បន្ថែមទៀត។ ក្រោយកើតហេតុ មន្រ្តីយោធាដកកាំភ្លើងបាញ់២គ្រាប់នេះ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើង នៅម៉ោង ០៨៖៣០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ចំណុចនៅផ្លូវបេតុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ដ្រី​នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនដកកាំភ្លើងបាញ់នេះមានឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​2AA-4485 បានដកហូតកាំភ្លើងខ្លី ម៉ាករ៉ូឡូមួយដើម។ ជនបង្កម្នាក់ទៀត ឈ្មោះ សួន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីម្ខាងទៀត ដែលរងគ្រោះមានឈ្មោះ ឆន នាវៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រាចកោះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ជាអ្នកបើកបរ រថយន្តសាំយ៉ុងពណ៌ស្លែ ពាក់ស្លាកលេខ​ភ្នំពេញ2U-3390 រងរបួសពេញមុខ និងបែកក្បាល។

មន្ត្រីនគរបាល បានបញ្ជាក់ថា មុនកើតហេតុគេឃើញបុរសម្នាក់​បើករថយន្តសាំយ៉ុង ពណ៌ស្លែ ស្លាកលេខ​ភ្នំពេញ2U-3390 ដឹកជនជាតិចិនមានស្រី មានប្រុស ជាង១០នាក់ មកចូលហាង​ក្បែរកន្លែងកើតហេតុ ដោយបើករថយន្តមកសំចតនៅម្ខាងផ្លូវ។ ស្របពេលនោះ មានបុរសម្នាក់ទៀត បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA-4485ខាងលើ បានមកសំចតនៅទីនោះដែរ។​

មន្ត្រីនគរបាលបានបន្តថា មន្ដ្រីយោធាននោះ​ក៏បានប្រាប់ទៅអ្នកបើករថយន្តសាំយ៉ុងថា ឲ្យថយក្រោយបន្តិចពីព្រោះកន្លែងដែលចតនេះ ជាចំណតគាត់ជាយូរឆ្នាំមកហើយ ខណៈនោះក៏ចាប់ផ្តើមនូវការប៉ះទង្គិចសម្ដីគ្នាយ៉ាងខ្លាំង រហូតឈានដល់ការផ្ទុះហិង្សាតែម្តង ដោយមានបុរសម្នាក់ទៀត ជាអ្នករត់កង់បី ជាអ្នកស្គាល់គ្នាជាមួយបុរសម្ចាស់រថយន្តហាយឡែនឌ័រ ក៏បានចូលរួមព្រួតវាយ ភាគីខាងរថយន្តសាំយ៉ុងរបួសផ្ទៃមុខ និងបែកក្បាលហូរឈាមជោគខ្លួន ហើយបុរសជាមន្ត្រីយោធារូបនោះ បានដកកាំភ្លើងបាញ់គំរាមចំនួន២គ្រាប់បន្ថែមទៀត។

ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅអន្តរាគមន៍កន្លែងកើតហេតុ និងបានចាប់​ខ្លួនជនបង្កការបាញ់បោះ យកទៅធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីតែម្តង៕​