(ស្ទឹងត្រែង)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានចុះបង្ក្រាបរថយន្ដសាំយ៉ុងមួយគ្រឿង ដែលដឹកធ្យូងហើយបង្កប់ឈើប្រណិតធ្នង់ពីក្រោម នៅតាមបណ្ដោយផ្លូវជាតិលេខ7A ​ចំណុចកុងត្រួលត្រួតពិនិត្យបទល្មើសព្រៃឈើសត្វព្រៃ ក្នុងភូមិអូឬស្សីកណ្តាល (អូរច្រឡង់) ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយត្រូវបាន មន្ត្រីរដ្ឋបាលព្រៃឈើ សង្កាត់អូរពងមាន់ បានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចចម្រុះបង្ក្រាបជាប្រភេទរថយន្តសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម 2A-3067 បានលួចបង្កប់ដឹកឈើប្រណិតប្រភេទធ្នង់ពីក្រោម ដាក់ធ្យូងពីលើដើម្បីបន្លំភ្នែកសមត្ថកិច្ច តែដោយមានការសង្ស័យទើបសមត្ថកិច្ចចម្រុះ បានឆែកមើលរួច​ឈើប្រណិតជាច្រើនដុំនៅខាងក្នុងរថយន្តនោះ និងនាំយកទៅរក្សាទុកនៅក្នុងថ្នាលបណ្តុះកូនឈើភ្នំក្រហម​។

មន្ដ្រីដដែលបានបញ្ជាក់ថា លុះនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចនាំគ្នារើឈើនោះទម្លាក់ចុះដើម្បីវាស់វែង រកឃើញឈើធ្នង់ ចំនួន១,៤៣២គីឡូក្រាម ស្មើនឹង១,១០១ម៉ែត្រគូបត្រីគុណ។

សូមជម្រាបថា ​រថយន្តសាំយ៉ុងតាក់ស៊ី ​ចេញពីខេត្តស្ទឹងត្រែងពេលទាបភ្លឺ ទៅកាន់រាជធានីភ្នំពេញ ត្រូវបានគេបង្ហើបឲ្យដឹងថា ភាគច្រើនសុទ្ធតែលួចបង្កប់ ​ឈើប្រណិត ពីក្រោមដាក់គ្រឿងសង្ហារឹមពីលើ ដោយឆ្លងកាត់កុងត្រូលត្រួតចរាចរណ៍ផ្លូវគោក និងកុងត្រូលត្រួតពិនិត្យបទល្មើសព្រៃឈើសត្វព្រៃ ជារៀងរាល់ថ្ងៃប៉ុន្តែមិនត្រូវបានសមត្ថកិច្ចបង្ក្រាបនោះទេ៕​​