(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ​ បានកើនឡើងរហូតដល់ជាង ៧ប៊ីលានដុល្លារ នៅត្រឹមដំណាច់ខែតុលា ឆ្នាំ២០១៨ ដែលជាសញ្ញាណវិជ្ជមានសម្រាប់កិច្ចសហបត្តិការប្រទេសទាំងពីរ ខណៈដែលប្រមុខរដ្ឋាភិបាល គ្រោងបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់ ១៥ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។

នៅក្នុងជំ​នួបពិភាក្សាទ្វេភាគីជាមួយ លោក ផាន់យ៉ារ៉ាក់ ប៉ុលធូប (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា នាឱកាសចូលរួមពិធីបុណ្យជាតិថៃ ដែលរៀបចំឡើងនៅស្ថានទូតថៃនៅកម្ពុជា កាលពីល្ងាចថ្ងៃសុក្រ ទី៣០​ ខែវិច្ឆិកា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ​ នឹងបន្តកើនឡើងថែមទៀត ហើយឈានទៅសម្រេចតាមផែនការដែលបានកំណត់ ដោយសារប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

លោករដ្ឋមន្ត្រី ក៏បានអះអាងប្រាប់ លោកឯកអគ្គរាជទូតថៃថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃជាពិសេសក្នុងពេលដែលប្រទេសថៃធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០១៩ ខាងមុខ សំដៅធ្វើ ឱ្យការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP អាចបញ្ចប់ដោយជោគជ័យនៅក្នុងឆ្នាំក្រោយ ដើម្បីធានាការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា។

បន្ថែមលើនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរ និងបា​នជូនពរដល់រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលកំពុងប្រារព្ធបុណ្យជាតិទូទាំងប្រទេស ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់អតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលមានគុណូបការៈយ៉ាងលើសលុប និងទទួលបានការគោរពស្រឡាញ់ពីសំណាក់ប្រជាជនថៃគ្រប់ស្រទាប់វណ្ណៈ។

ជាការឆ្លើយតប លោក ផាន់យ៉ារ៉ាក់ ប៉ុលធូប បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា​ ដែលតែងតែគាំទ្រ និងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។

លោកឯកអគ្គរាជទូត ក៏បានសន្យាបន្តពង្រីកការតភ្ជាប់ព្រំដែនរវាងកម្ពុជា និងថៃ​ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក៏ដូចជាការបង្កើត និងអភិវឌ្ឍន៍វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដោយប្រើប្រាស់មូលនិធិរបស់ម្ចាស់ក្សត្រី មហាចក្រី ស៊ូរិនដន (Maha Chakri Sirindhorn)៕