(កោះកុង)៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ ​ចូលរួមទូង​ស្គ ទះប៉ោត គោះត្រដោក​ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ​នៃការដាក់បញ្ចូល «ល្ខោនខោល» ចូលក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីយ នៃមនុស្សជាតិ របស់អង្គការ​យូណេស្កូ។

លោកស្រី មិថុនា ភូថង បានថ្លែងថា ការចុះបញ្ជីបេតិភណ្ឌល្ខោនខោលរបស់វប្បធម៌ខ្មែរនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយនេះ​ជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។

លោកស្រី បានថ្លែងបន្តថា ការដាក់បញ្ចូល «ល្ខោនខោល» ក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោ​ថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក។

សម្ដេច​តេជោ ហ៊ុន សែន បានចេញសាលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសដែល​ល្ខោនខោលរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាផ្លូវការ នៅក្នុងបញ្ជីបេតិកភណ្ឌអរូបីយ នៃមនុស្សជាតិ នៅទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ ដើម្បីអបអរសាទរ ព្រឹត្តការណ៍​ជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទ៕