(ភ្នំពេញ)៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលអមដំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សកិច្ចនៅប្រទេសនេប៉ាល់នោះ បានបញ្ជាក់ឲ្យដឹងថា នេប៉ាល់គ្រោងនឹងមកស្វែងរកឱកាសវិនិយោគលើវារីអគ្គិសនីនៅកម្ពុជា។

ការបញ្ជាក់របស់លោកឧកញ៉ាអនុប្រធានពាណិជ្ជកម្មកម្ពុជា អំពីការចាប់អារម្មណ៍របស់នេប៉ាល់ លើការវិនិយោគក្នុងវិស័យវារីអគ្គិសនីនេះ ធ្វើឡើងក្នុងឱកាសដែលលោកឧកញ៉ា ជួបប្រជុំពិភាក្សាការងារជាមួយលោកស្រី Bhawani Rana ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកឧកញ៉ា លឹម ហេង តាមរយៈ Facebook លោកឧកញ៉ាបានបញ្ជាក់អំពីជំនួបរបស់លោកជាមួយសហព័ន្ធសភាពាណិជ្ជកម្មនេប៉ាល់ យ៉ាងដូច្នេះថា «កិច្ចប្រជុំជំនួបពាណិជ្ជកម្ម ជាមួយលោកជំទាវ Bhawani Rana ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មនេប៉ាល់ និងសមាជិក សមាជិការបស់សហព័ន្ធ។ គោលបំណងនៃជំនួបនេះគឺ ពិក្សាអំពីឱកាសនៃការចាប់ដៃគូវិនិយោគ រវាងប្រទេសកម្ពុជា និងប្រទេសនេប៉ាល់ និង បង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ។ ជំនួបនេះបានបញ្ជប់ជាមួយលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ ដោយភាគីខាងនេប៉ាល់ នឹងមកស្វែងរកការវិនិយោគលើវារីអគ្គិសនីខ្នាតធំ និងតូចៗនៅឃុំស្រុកតាមជនបទក្នុងប្រទេសកម្ពុជាយើង»

សូមជម្រាបថា ឯកសារសំខាន់ៗចំនួន៤ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងនេប៉ាល់ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសនេប៉ាល់ ទីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបំពេញទស្សនកិច្ច។

ឯកសារទាំង៤ដែលបានចុះហេត្ថលេខានោះរួមមាន៖ ការលើកលែងទិដ្ឋាការ (Visa) សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ, កិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស, អនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌៕