(ប៉ៃលិន)៖ នៅម៉ោងវេលា១០៖០០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ចេង ញ៉ាន់ អភិបាលខេត្តស្តីទី ក្នុងនាមលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ វាយគង ទូងស្គ នៅវត្តរតនៈសោភ័ណ ហៅវត្តកោងកាង ដើម្បីអបអរសាទរ «ល្ខោនខោល» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីយ នៃមនុស្សជាតិ។

លោក ចេង ញ៉ាន់ អភិបាលខេត្តស្តីទី បានឲ្យដឹងថា​ ដើម្បីជាការចូលរួមអបអរសាទរ និងជាមោទនភាពជាតិដ៏ធំធេង រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីទូងស្គរជ័យអបអរការចុះបញ្ជីល្ខោនខោល ក្នុងបញ្ជីបេតិកភ័ណ្ឌ វប្បធម៌ អរូបី នៃមនុស្សជាតិរបស់អង្គការ យូណេស្កូ ដែលសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។​

លោកអភិបាលខេត្តស្តីទី បានបញ្ជាក់ថា​ សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងការគាំទ្រយ៉ាងផុលផុសពីសិល្បករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។

លោក ចេង ញ៉ាន់ បានបន្តថា​ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក។

សូមបញ្ជាក់ថា​ ល្ខោនខោលរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ផ្លូវការហើយនាអំឡុង នៃសម័យប្រជុំលើកទី១៣ នៃគណៈកម្មធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី នៅមជ្ឍមណ្ឌល Swami Vivekenanda International Convention Centre (SVICC) នៅទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ តាមសេចក្តីសម្រេច Decision 13.COM.10.a,3៕​