(ស្វាយរៀង)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរព្ធពិធីពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០១៨ ក្រោមប្រធានបទ «យើងប្តេជ្ញារួមគ្នា បញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥» ព្រមទាំងចែកអំណោយមនុស្សធម៌ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយមេរោគអេដស៍។

ជាមួយគ្នានេះដែរ​លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ខេត្តស្វាយរៀង ក៏បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន២៧៥នាក់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខានៅតាមមន្ទីរ អង្គភាពនានាជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។

ឆ្លៀតក្នុងឱកាសនេះលោក ម៉ែន វិបុល​បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេប ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក​និងបច្ចុប្បន្ននូវសកម្មភាពពហុវិស័យ បើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើ ឱ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារធ្វើឱ្យជីវភាពរបស់ពួកគេមានភាពប្រសើរឡើង។

លោក ម៉ែន វិបុល បានថ្លែងថា ដោយគូសបញ្ជាក់ អំពីយុទ្ធសាស្ត្ររយៈពេលវែង២០១១-២០២០ ទស្សនៈវិស័យបេសកម្ម និងវិស័យស្នូលទាំងបួន របស់កាកបាទក្រហមកម្ពុជា ដែលចែងថាការរួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតានឹងទារក ការពារជំងឺឆ្លង និងអន្តរាគមន៍ក្នុងគ្រាអាសន្ន។

លោកប្រធាន បាននាំនូវបណ្តាំការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ពិសេស អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ កុំឱ្យអស់សង្ឃឹមត្រួវតស៊ូ និងថែរក្សាសុខភាពឱ្យបានល្អ។

លោកវេជ្ជៈ កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា ចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ នៅថ្នាក់ខេត្តមាន សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្មគ្រ័ចិត្ត និងរក្សាការសម្ងាត់២កន្លែង និងមានសេវាធ្វើតេស្តឈាម ដោយចោះចុងម្រាមដៃ នៅគ្រប់មណ្ឌលសុខភាពទូទាំងខេត្ត ដោយឥតគិតថ្លៃមានសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន២កន្លែង មានក្រុមថែទាំអ្នកជំងឺអេដស៍ តាមផ្ទះដែលសម្របសម្រួល ដោយបណ្តាញអ្នកផ្ទុកមេរោគអេសដ៍ ជាលទ្ធផលគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៨ ចំនួនអ្នកមកធ្វើតេស្តឈាម មានចំនួន១៧,១២៦នាក់ វិជ្ជមានមានចំនួន ៥៥ករណី ត្រូវជា ០.៣%។ ចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្មី ចូលសេវាផ្តល់ឱសថប្រឆាំង មានចំនួន៤៧នាក់ ចំនួនអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន១៣៨៥នាក់។

លោក ស៊ូ សាវ៉ុន ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ នឹងជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អង្គការនានា ពិសេសកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រា ដែលរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ធ្វើឱ្យពួកយើងខ្ញុំជាគ្រួសាររងគ្រោះមានជីវភាពប្រសើរ បានចូលសាលារៀន បានទទួលមុខរបរខ្នាតតូចកាត់បន្ថយការរើសអើងដល់អ្នកផ្ទុក និងអ្នកជំងឺអេដស៍ និងធ្វើឱ្យពួកគេមានក្តីសង្ឃឹមក្នុងការរស់នៅតទៅទៀត។

សម្ភារដែលសាខាកាកបាទក្រហម បានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគអេដស៍ នៅពេលនេះ គឺក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, សាប៊ូដុំ៤ដុំ, ទឹកដោះគោខាប់៥កំប៉ុង, មុង១ភួយ, ១សារ៉ុង១,​ ក្រម៉ា១អាវយឺត, ថវិកា៤០,០០០រៀល លោកស្រី ហៅ ចន្ទសិរីទេពី ចៅ ភិរុណ ឧបត្ថម្ភថវិការបន្ថែម ក្នុងម្នាក់ៗ ១០,០០០ រៀល៕