(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ​ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​ពិតជាមានសេចក្តីសោមនស្ស រីករាយខ្លាំងណាស់ និងសូមសម្តែងនូវការអបអរសាទរ ដែលសម្បត្តិវប្បធម៌កម្ពុជាជាច្រើន ដែលបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

លោក​អភិបាលខេត្ត បានថ្លែងបែបនេះនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​បរិវេណមុខសាលាខេត្តកំពង់ចាម ខណៈដែល​លោក​ដឹកនាំគណៈអភិបាលខេត្ត និងប្រជាពលរដ្ឋចូលរួមក្នុងពិធី វាយគង ទូងស្គ ដើម្បីអបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ «ល្ខោនខោល» បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

លោក គួច ចំរើន បានថ្លែងថា «យើងពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលល្ខោនខោល និងសម្បត្តិវប្បធម៌កម្ពុជាយើងជាច្រើន ដែលជាកេរ្តិ៍មរតកដូនតា បានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ហើយអ្វីដែលបងប្អូនប្រជាពលរដ្ឋយើង កំពុងជួបជុំ​អបអរសាទរ សប្បាយរីករាយទាំងអស់គ្នា​នេះ សបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជារបស់យើង កំពុងមានសុខសន្តិភាពយ៉ាងពេញលេញ ដែលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលយើង ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»។

លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំជាច្រើនកន្លែងធ្វើពិធីជួបជុំដើម្បី អបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ «ល្ខោនខោល» បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ និងអបអរសាទរ​ខួប២ឆ្នាំ នៃការដាក់បញ្ចូល ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦​-​៣០ វិច្ឆិកា ២០១៨។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទរ វាយគង ទូងស្គ ទះប៉ោត គោះត្រដោក នៅម៉ោង១០យប់ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨​នៅទូទាំងប្រទេសកម្ពុជា៕