(ភ្នំពេញ)៖​ យ៉ាងហោចណាស់មានមនុស្ស១៤២នាក់បានស្លាប់ (ស្រី១៩នាក់) និង៤៤២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេលពេញ១ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។

របាយការណ៍បញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៨៧លើក ថយចុះ១២លើកបើធៀបនឹងខែតុលា ឆ្នាំ២០១៨ ស្លាប់មនុស្ស១៤២នាក់ ថយចុះ១៩នាក់, របួស៤៤២នាក់ ថយចុះ២៥នាក់។

មូលហេតុដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេគឺ ការបើកបរល្បឿនលឿន១០៩លើក, ស្រវឹង១០លើក, ប្រជែង២៤លើក, មិនគោរពសិទ្ធិ ៦២លើក, មិនប្រកាន់ស្តាំ ៣៩លើក, បត់គ្រោះថ្នាក់ ៣៦លើក, ងងុយដេក២លើក និងកត្តាយានយន្ត៥លើក៕