(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ទោ ឈាង អ៊ិត មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៣ និងលោកឧត្តម​សេនីយ៍ទោ ព្រំ ប៉ាត់ មេបញ្ជាការកងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារជំនាញបច្ចេកទេស ​ធ្វើទស្សនកិច្ចសិក្សា ស្តីពីការងារកសាង ពង្រឹងអង្គភាពរឹងមាំ​លើគ្រប់វិស័យ នៅទីបញ្ជាការដ្ឋានកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ស្ថិតក្នុងខេត្ដប៉ៃលិន។

ក្នុងពិធីនេះ​ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ប្រង់ សុធី នាយសេនាធិការងយោធភូមិភាគ៥, លោកឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន​, លោកអភិបាលស្រុកសាលាក្រៅ​, ព្រមទាំងមេបញ្ជាការអាវុធហត្ថស្រុក​, តំណាងអធិការស្រុកសាលាក្រៅ និងនាយទាហាន ពលទាហាន ជិត១០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈាង អ៊ិត បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន នៃការអញ្ជើញចូលរួមដ៏កុះករ ពីសំណាក់​អស់លោកពីគ្រប់បណ្តាអង្គភាពជិតឆ្ងាយទាំងអស់ ដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សា ដើម្បីចែករំលែកបទពិសោធន៍។

ចំពោះអង្គភាពកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ លោក​ឧត្តមសេនីយ៍ទោ ឈាង អ៊ិត បានធ្វើការកោតសរសើរ ដោយសារជាក់ស្តែង​ឃើញថា មានការវិវឌ្ឍន៍ឈានឡើងច្រើន បើប្រៀបធៀបទៅនឹងរយៈពេលមុន ដែលទីនេះគ្មានអ្វីសោះសូម្បីការរស់នៅរបស់ទាហាន​។ លោកបន្ដថា នេះសបញ្ជាក់ពីប្រសិទ្ធភាព នៃការដឹកនាំរបស់ថ្នាក់ដឹកនាំ របស់មេបញ្ជាការអង្គភាពគ្រប់ថ្នាក់ មានការសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងដោយអាស្រ័យ ដោយមានការចូលរួម ដ៏សស្រាក់សស្រាំពីនាយ ពលទាហានគ្រប់ៗរូប និងដោយអាស្រ័យលើការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន លើការដឹកនាំបញ្ជា និងកសាង។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ក៏បាន​ជំរុញ និងធ្វើការផ្តាំផ្ញើ​ដល់ថ្នាក់ដឹកនាំអង្គភាព ត្រូវបន្តអនុវត្តការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់​វិស័យ ដូចដែលមានចែ​ង នៅក្នុងផែនការកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ របស់យោធភូមិភាគទី៥ ទាំង៤ខ្លឹមសារ ដោយស្មារតី​ទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិតគំនិតផ្តើមតទៅមុខទៀតឲ្យដូចភ្លៀងរលឹម។

លោកមេបញ្ជាការ ក៏បានផ្តល់ការលើកទឹកចិត្ត ដល់នាយពលទាហាន ក្នុងអង្គភាពកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ត្រួវបង្កើនការគ្រប់គ្រងកម្លាំង សម្ភារសឹក និងគ្រឿងបំពាក់ ដែលមានស្រាប់​ឲ្យបានល្អ​ក្តាប់ឲ្យជាប់រាល់សភាពការណ៍ ដែលកើតមានឡើងក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ និងរក្សាឲ្យបានល្អ នូវការទំនាក់ទំនងជាមួយកងទ័ព នៃប្រទេសជិតខាង ក្នុងការរក្សាខ្សែបន្ទាត់ព្រំដែនសន្តិភាព និងការអភិវឌ្ឍ​រីកចម្រើន ពិសេសគោរពអនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខសង្គម និងការពារបូរណភាពទឹកដី កម្ពុជាឲ្យបានរឹងមាំ។

សូមបញ្ជាក់ថា​ ទីបញ្ជាការកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលផ្តួចផ្តើមថវិកា ក្នុងការកសាងដោយលោកឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង​ទទួលបន្ទុកព្រំដែន​ផងដែរ៕