(ក្រចេះ)៖ ក្រុមយុវជនប្រមាណ៧០០នាក់ ដែលចូលរួមព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ» ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរទៅដល់វិមានអនុស្សាវរីយ៍ ២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះហើយ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

តាមការបញ្ជាក់ពីក្រុមយុវជន ដែលចូលរួមព្រឹត្តិការណ៍នេះ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រុមយុវជនទាំងអស់បានធ្វើដំណើរវិមានអនុស្សាវរីយ៍ទាំងអស់គ្នា ប្រកបដោយសុវត្ថិភាពហើយ បើទោះមានអ្នកខ្លះជួបប្រទះនូវបញ្ហាឈឺជើង ឬរមូលក្រពើ បន្ដិចបន្ដួចក៏ពិតមែន ដោយសារតែផ្លូវមានចម្ងាយឆ្ងាយ។

យ៉ាងណាមិញ ចំពោះបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវបានឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងដែរថា ​សម្រាប់ទីតាំងដែលត្រូវប្រារព្ធពិធីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ត្រូវបានរៀបចំរួចរាល់ហើយ យ៉ាងមានលក្ខណៈល្អប្រសើរ ដោយរង់ចាំតែថ្ងៃប្រារព្ធមកដល់ប៉ុណ្ណោះ។

សូមរំលឹកថា ​ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​​​​ទៅកាន់​ប្រវត្តិសាស្ត្រ» មាន​គោល​បំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន ឲ្យ​​ចេះ​រួបរួម​​គ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ​ស្វែង​​យល់ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ក៏ដូចជា​កម្រិត​​នៃការ​តស៊ូ​ ​ភាព​អត់ធ្មត់ និងសមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ​រួមជាមួយ​​ការស្វែងយល់​បន្ថែម​​ពីប្រវត្តិសាស្ត្រ​តាម​​រយៈ​​ការ​ធ្វើដំណើរ​ថ្មើរជើង​​រួមគ្នា​​នៅលើគន្លង​ផ្លូវ​ដែល​មាន​ចម្ងាយ​៤០គីឡូម៉ែត្រ។

ដោយឡែក ២​ធ្នូ ឆ្នាំនេះ​ គឺជាខួប៤០ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្លាំងយុវជនរងការធ្វើទុក្ខ ម្នេញ និងជិះជាន់យ៉ាងវេទនា ពីរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត ខៀវ សំផន និង អៀង សារី បានរួបរួមពូនកម្លាំងគ្នា ជាធ្លុង ដើម្បីផ្តួលនូវដ៏យង់ឃ្នង និងសម្លាប់រង្គាលមួយនេះ ហើយក៏ជាជំហានស្រោចស្រង់កម្ពុជាចេញពីគំនរផេះផង់មករកភាពរីក​ចម្រើន នាពេលបច្ចុប្បន្នផងដែរ។

ពិធីដ៏អធឹកអធមខាងលើនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សរាប់ម៉ឺននាក់ផងដែរ៕​