(ព្រះសីហនុ)៖ រដ្ឋបាលក្រុងខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជួបពិភាក្សាជាមួយក្រុមអ្នកវិនិយោគទុនជនជាតិចិន ដែលមកពីតំណាងក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ ដើម្បីរកគន្លឹះជំរុញសកម្មភាពអភិវឌ្ឍន៍ខេត្ត និងឈានទៅកៀរគរចំនួនអ្នកវិនិយោគទុនចិន ឱ្យចូលមកបោះទុនវិនិយោគ នៅលើវិស័យផ្សេងៗ ឱ្យបានច្រើនថែមទៀតនាថ្ងៃខាងមុខ ដើម្បីអភិវឌ្ឍខេត្តជាប់មាត់សមុទ្រនេះ ឱ្យមានភាពរីកចម្រើនបន្ថែមទៀត នាថ្ងៃអនាគត។

ការជួបសំណេះសំណាលនេះ ដឹកនាំដោយលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន ឬអាជីវករជនជាតិចិនជិត៥០នាក់ នៅសាលប្រជុំធំ របស់សាលាក្រុងព្រះសីហនុ។

នៅក្នុងឱកាសនេះដែរ លោក អ៊ី សុខឡេង ក៏បានប្រកាសស្វាគមន៍អ្នកវិនិយោគទុនជនជាតិចិន ដែលកន្លងមកបានមកវិនិយោគ និងត្រៀមចូលមកវិនិយោគបោះទុករកស៊ី នាមូលដ្ឋាននេះស្របច្បាប់ ស្នើឱ្យពិចារណា និងចុះសិក្សាគម្រោងវិនិយោគ ឱ្យបានច្រើនថែមទៀត​នាថ្ងៃខាងមុខ ដើម្បីភាពរីកចម្រើន រវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចំរើនទាំងអស់គ្នា។

បន្ថែមលើនេះ ដើម្បីរួមគ្នាស្វែងរកគន្លឹះពីផែនការវិនិយោគ មករួមសហការគ្នាអភិវឌ្ឍមូលដ្ឋានខេត្តព្រះសីហនុ ឱ្យកាន់តែរីកចំរើនទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធនានា និងសេដ្ឋកិច្ចក្នុងខេត្ត និងជាពិសេសជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀត នាថ្ងៃអនាគតផងដែរ។

ចំណែកតំណាងអ្នកវិនិយោគទុនចិន ក៏បានសន្យានៅចំពោះមុខថ្នាកដឹកនាំព្រះសីហនុថា នឹងកៀរគរអ្នកវិនិយោគទុនចិន ឱ្យចូលមកបោះទុនវិនិយោគនៅមូលដ្ឋានជាប់សមុទ្រមួយនេះ ឱ្យបានច្រើនថែមទៀត។

តំណាងអ្នកវិនិយោគទុនចិន បានអះអាងថា មានក្រុមហ៊ុនជាច្រើននឹងចុះមកសិក្សាលើគម្រោងវិនិយោគនីមួយៗ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ជាងនេះទៀត តំណាងក្រុមហ៊ុនហ៊ុនវិនិយោគ ក៏ដូចជាក្រុមអ្នកវិនិយោគទុនជនជាតិចិនទាំងនោះ បានសន្យាថា នឹងរួមគ្នាអនុវត្តច្បាប់វិនិយោគ ក៏ដូចជាអនុវត្តច្បាប់លើការងសរវិនិយោគរបស់ពួកគេ ឱ្យស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ ឬបានកំណត់៕