(ព្រះវិហារ)៖ លោក ច័ន្ទ សុភ័ក្ត្រា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ខុសពីគណបក្សផ្សេង ដែលសន្យាខ្យល់នោះទេ។

ការថ្លែងបែបនេះរបស់​ លោក ច័ន្ទ សុភ័ក្ត្រា ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំក្រុមការងារគណបក្សជាច្រើនរូបទៀត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ​ប្រជាពលរដ្ឋចំនួន២ឃុំ គឺឃុំម្លូរព្រៃមួយ និងឃុំម្លូរព្រៃពី ស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

លោក ច័ន្ទ សុភ័ក្ត្រា បានលើកឡើង ដោយរំលឹកអំពីរបបប្រល័យពូជសាសន៍ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ អស់ជាង៣លាននាក់មិនតែប៉ុណ្ណោះ ហេដ្ឋរចនាសម្ពន្ធ័របស់ជាតិជាច្រើន ត្រូវបំផ្លិចបំផ្លាញក្លាយជាផេះផង់។ លោកបន្តថា បើកុំមានថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ប្រទេសកម្ពុជា ក៏មិនមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះដែរ ដែលនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការលះបង់គ្រប់បែបយ៉ាង របស់ថ្នាក់ដឹកនាំកំពូល គណបក្សប្រជាជនកម្ពុជា ពិសេស​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានយកអាយុជីវិតធ្វើជាដើមទុន រំដោះប្រជាពលរដ្ឋ និងប្រទេសជាតិចេញពីរបបឃោរឃៅនេះ។

លោក ច័ន្ទ សុភ័ក្ដ្រា ក៏បាន​អំពាវនាវឲ្យ​ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស តទៅទៀត ដោយមិនត្រូវជឿតាមការញុះញុងរបស់ក្រុមប្រឆាំងណាមួយនោះទេ ហើយត្រូវជឿជាក់ក្នុងចិត្តថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈនោះ។

ជាមួយគ្នានោះដែរ សម្រាប់ខេត្តព្រះវិហារ លោក ច័ន្ទ សុភ័ក្ត្រា បានលើកឡើងថា នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ, លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោកតែងតែគិតគូរជានិច្ច អំពី​សុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។

ទន្ទឹមនឹងនោះលោកក៏សូមថ្លែងអំណរគុណដល់​ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រយៈពេលកន្លងមក ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ និងទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ ហើយនៅថ្ងៃនេះដែរ ដើម្បីបង្កើតនូវភាពស្និតស្នាលថែមទៀតនោះ លោក​បានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីផងដែរ៕​