(ភ្នំពេញ​)៖​ បុរស​ម្នាក់​មិន​ដឹង​មាន​បញ្ហា​អ្វីនោះ ​ស្រាប់​តែ​ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ ​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​ដល់​អ្នក​ជិត​ខាង​ នៅ​វេលា​ម៉ោង​ជាង​១២យប់​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ​​ ផ្លូវ​លេខ​៦៦៦A1 ស្ថិត​ក្នុង​ភូមិ​តាង៉ូវ​ក្រោម សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​។

បុរសដែលផ្ទុះអាវុធ​ បង្កការភ័យខ្លាច​ដល់បងប្អូនប្រជាពលរដ្ឋនោះ​ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ព្រោះសមត្ថកិច្ចបានទាញទ្វារបិទ​ ​ហាក់បីដូចជា​ព្យាយាម​បិទបាំង ​មិ​នព្រមផ្ដល់ព័ត៌មានឲ្យ​ក្រុមអ្នកយកព័ត៌មាននោះទេ។

​ប្រជាពលរដ្ឋដែលមកបំភ្លឺ បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង២៣៖១០នាទី​ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៨ គាត់បានធ្វើដំណើរតាមរថយន្តចេញពីទួលក្រសាំងតែម្នាក់ឯង​ឆ្ពោះ​មកផ្ទះ ហើយមុនពេលចេញ​ចេញពីទួលក្រសាំង លោកបានទូរស័ព្ទមកប្រពន្ធឲ្យចាំបើកទ្វារផ្ទះ ភ្លាមៗនោះប្រពន្ធប្រាប់ថា មានមនុស្សប្រុសម្នាក់​ អាយុប្រហែល៣០ឆ្នាំ ដើរបាញ់កាំភ្លើងតាមផ្លូវ​ នៅជិតផ្ទះរបស់យើង លុះមកជិតដល់ផ្លូវចូលបុរីខាងលើ គាត់បានឈប់រថយន្តចុះចូលទៅប្រាប់នគរបាលប៉ុស្តិ៍និរោធ។

បច្ចុប្បន្ន​បន្ទាប់ពីធ្វើសកម្មភាពផ្ទុះអាវុធ​រួច សមត្ថកិច្ចប៉ុស្តិ៍នគរបាល​និរោធ​ បានធ្វើការឃាត់ខ្លួន​ខ្មាន់កាំភ្លើង​ខាងលើ​ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលនិរោធ​។ ក្រោយពីធ្វើការសាកសួររួចហើយ​ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដើម្បី​សាកសួរបន្ត​ និងកសាង​សុំណំរឿង​បន្ថែម។

យ៉ាងណានោះ​ គេនៅមិនទាន់​ទទួលបាន​លម្អិតពីសមត្ថកិច្ច​នៅឡើយទេ ព្រោះពេលទៅដល់មុខប៉ុស្តិ៍សមត្ថកិច្ច​ ទាញទ្វារបិទ​ ហើយពេលបញ្ជូនទៅដល់អធិការដ្ឋានខណ្ឌច្បារអំពៅ សមត្ថកិច្ចក៏បានទាញទ្វារបិទ​ ​មិ​នបានផ្ដល់ព័ត៌មានជូន​ក្រុមអ្នកយកព័ត៌មានឡើយ៕