(ស្វាយរៀង)៖ ឈ្មួញ២នាក់ ដឹកសត្វប្រវឹក២៤ជាល ស្មើ៥២៨ក្បាល បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ត្រូវក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ (អង្គការវ៉ាយអេត) បង្ក្រាបចាប់ឃាត់ខ្លួន និងដកហូតវត្ថុតាងមានសត្វប្រវឹក៥២៨ក្បាល រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ខៀវពាក់ស្លាកលេខកំពង់ចាម 2A-4954 និងធ្វើការផាកពិន័យជាប្រាក់ជិត៤ពាន់ដុល្លារ ថ្នូរដោះលែងជនល្មើសឲ្យមានសេរីភាពវិញ។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង បានបង្ហើបឲ្យដឹងថា ការបង្ក្រាបបទល្មើសសត្វព្រៃនេះ ធ្វើឡើងនៅវេលាម៉ោង៥៖៥០នាទី ល្ងាចថ្ងៃទី២៨ វិច្ឆិកា២០១៨ នៅត្រង់ចំណុចភូមិស្នាយគ្រាង ឃុំធ្លក ស្រុកស្វាយជ្រុំ ខណៈជនល្មើសបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម។

មន្រ្តីថា ដោយមានការសង្ស័យរថយន្ត១គ្រឿង ម៉ាកសាំយ៉ុងដឹកសត្វព្រៃ មកពីខេត្តកំពង់ចាម ចូលមកខេត្តស្វាយរៀងតាមផ្លូវជាតិលេខ៣១០ ក្រុមសមត្ថកិច្ចចម្រុះ នៃអង្គការវ៉ាយអេដដែល ជាក្រុមអន្តរាគមន៍បង្ក្រាប បទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង និងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះបង្ក្រាបចាប់ឃាត់រថយន្តបទល្មើសខាងលើ រួមទាំងវត្ថុតាងសត្វព្រៃ គឺសត្វប្រវឹកចំនួន២៤ជាល ស្មើ៥២៨ក្បាល ត្រង់ចំណុចភូមិស្នាយគ្រាងព្រមទាំងឃាត់ខ្លួនមនុស្ស០២នាក់ ស្រីម្នាក់ បញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួររួច នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ចិកា ពិនិត្យឃើញថា សត្វប្រឹកទាំង៥២៨ក្បាល មានសុខភាពមិនសូវល្អ ក៏សម្រេចបញ្ជូនសត្វប្រវឹកទាំង៥២៨ក្បាល ទៅកាន់សួនសត្វភ្នំតាម៉ៅដើម្បីសង្គ្រោះ។

មន្រ្តីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា សត្វប្រវឹកគឺជាសត្វប្រភេទមានដោយបង្គួរ, ច្បាប់តម្រូវឲ្យជនល្មើសបង់ផាកពិន័យតាមអន្តរកាលនៃច្បាប់ឈើ បើជនល្មើសយល់ព្រមបង់តាមការផាកពិន័យ គឺរួចពីការចោទប្រកាន់។ បើតាមមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា ក្រុមចម្រុះបង់ផាកពិន័យសត្វប្រវឹក១ក្បាលតម្លៃ១០ដុល្លារ ដូច្នេះត្រូវបង់ទាំងអស់៥២៨០ដុល្លារ។ តែដោយឈ្មួញគ្មានប្រាក់បង់ក៏នៅតវ៉ាសុំបញ្ចុះតម្លៃ១ក្បាលនៅត្រឹម៨ដុល្លារ ស្មើ៤២២៤ដុល្លារ តែឈ្មួញនៅតែមិនព្រមបង់ផាកពិន័យ ក៏ធ្វើរបាយការណ៍បញ្ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចុងក្រោយឈ្មួញ បានសុំអង្វរបង់ផាកពិន័យ១ក្បាល៦ដុល្លារស្មើ៣,១៦៨ដុល្លារ ទើបរួចផុតពីការចោទប្រកាន់ ហើយដោះលែងឈ្មួញទាំង២នាក់ ឲ្យមានសេរីភាពវិញនៅវេលាម៉ោង ៥៖៣៩នាទីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចំពោះសត្វប្រវឹក៥២៨ក្បាល ត្រូវបានដកហូតយកទៅលែងនៅរមណីយដ្ឋានសត្វព្រៃភ្នំតាម៉ៅ រីឯរថយន្តត្រូវដកហូតទុករយៈពេលមួយខែ ទើបឲ្យម្ចាស់រថយន្តធ្វើសំណើរសុំយកទៅប្រើប្រាស់វិញបាន។

ទាក់ទិនករណីឈ្មួញដឹកសត្វព្រៃឆ្លងដែនទៅប្រទេសវៀងណាមនេះដែរ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា បើតាមប្រជាពលរដ្ឋរាយការណ៍ មានឈ្មួញរកស៊ីសត្វព្រៃគ្រប់ប្រភេទឆ្លងដែនទៅប្រទេសវៀតណាមស្ទើរាល់ថ្ងៃ គឺដឹកចេញតាមរថយន្តមានសត្វស្លាប សត្វស្វា សត្វពស់ អណ្តើក និងត្រកួតជាដើមក៏ប៉ុន្តែយូៗ ទើបចាប់បានម្តងដោយខេត្តស្វាយរៀង មានច្រករបៀងច្រើនពិបាកក្នុងការបង្ក្រាប៕