(ភ្នំពេញ)៖ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម បានបង្ហើបថា ប្រទេសវៀតណាម បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងខែធ្នូ ខាងមុខនេះ។

នេះបើតាមសេចក្តីប្រកាសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ អំពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ដែលបណ្តាញព័ត៌មាន​​ Fresh News ទទួលបាន។

ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលមានស្រាប់រវាងកម្ពុជា និងវៀតណាម សម្រាប់ភាពសុខដុមរមនា និងសុខមាលភាព របស់ប្រជាជននៃប្រទេសទាំងពីរ។

អំឡុងបំពេញទស្សនកិច្ចនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា កន្លងទៅនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបសម្តែងការគួរសមជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

លោក ង្វៀន សួនហ៊្វុក បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ និងបានស្នើលោកភាគីទាំងពីរពូនជ្រំបន្ថែមទៀតនូវទំនាក់ទំនងនេះ សម្រាប់ផលប្រយោជន៍ នៃប្រជាជាតិទាំងពីរ។

លោកនាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាក់ថា ប្រទេសវៀតណាមបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងខែធ្នូខាងមុខនេះ៕