(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងវៀតណាម បានបង្ហាញឆន្ទៈនយោបាយរួមរបស់ខ្លួន ដោយមិនអនុញ្ញាតមានកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំង ឬជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតឡើយ។

នេះបើតាមសេចក្តីប្រកាសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ដែលបណ្តាញព័ត៌មាន​​ Fresh News ទទួលបាន។

អំឡុងបំពេញទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់​ សុខុន បានជួបប្រជុំទ្វេភាគីប្រកបផ្លែផ្កាជាមួយ លោក ផាម ប៊ិញមិញ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានអះអាងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក និងឱ្យទាន់ពេលវេលា ដើម្បីសង្រ្គោះជនរងគ្រោះ បង្ការ និងទប់ស្កាត់រាល់បញ្ហានានាដូចជា គ្រោះធម្មជាតិ ការរត់ពន្ធ ការជួញដូរ ខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងការកាប់ឈើខុសច្បាប់។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរ ក៏បានអះអាងអំពីឆន្ទៈនយោបាយរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យមានកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំង ឬជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតឡើយ»

ការទៅបំពេញទស្សនកិច្ចរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅប្រទេសវៀតណាម បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន បានសរសេរវាយប្រហារលើកម្ពុជាថា អនុញ្ញាតឱ្យចិន បោះមូលដ្ឋានយោធានៅក្នុងខេត្តកោះកុង។ ប៉ុន្តែព័ត៌មានទាំងនេះ ត្រូវបានច្រានចោលទាំងស្រុង ដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ហើយចាត់ទុកថា ជាដំណឹងក្លែងក្លាយ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ទៀតថា នៅក្នុងជំនួបនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់របស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរថា ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ បានស្វាគមន៍ការរីកលូតលាស់ជាវិជ្ជមាននូវទំហំពាណិជ្ជកម្មរួមគ្នា និងបានឯកភាពក្នុងការបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន និងកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដើម្បីរួមចំណែកសម្រេចទិសដៅពាណិជ្ជកម្មទ្វេភាគី៥ប៊ីលាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដូចការរំពឹងទុករបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សម្រាប់វិស័យកសិកម្ម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអរគុណវៀតណាម ដែលបានជំរុញលោក ក្រុមហ៊ុនរដ្ឋ និងឯកជនវៀតណាម បន្តទិញកសិផលពីកម្ពុជា និងបានស្នើរដ្ឋាភិបាលវៀតណាម បន្តលើកទឹកចិត្តចំពោះសកម្មភាពនេះទៀត ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាធុរជននិងធុរជននៃប្រទេសទាំងពីរ។ ជាការឆ្លើយតប លោក ផាម ប៊ិញមិញ បានឯកភាពថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យនេះ។

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានចែករំលែកទស្សនទានលើបញ្ហាតំបន់ និងពិភពលោក ដែលជាកង្វល់ និងផលប្រយោជន៍រួម និងបានបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ផងដែរ៕