(ភ្នំពេញ)៖ លោក ចាន់​ ចេន មេធាវីរបស់លោក កឹម សុខា បានបន្តបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រក្សាជំហរមិនគាំទ្រចំពោះសន្និសីទមួយដឹកនាំដោយ លោក សម រង្ស៉ី ​នៅសហរដ្ឋអាមេរិក។

លោក ចាន់ ចេន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីទទួលបានព័ត៌មានថា មានការរៀបចំសន្និសីទនៅសហរដ្ឋអាមេរិកហ្នឹង ហើយចំពេលដែលខ្ញុំបានចូលសួរសុខទុក្ខគាត់ (លោក កឹម សុខា) នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ខ្ញុំក៏បានជម្រាបគាត់អំពីរឿងនេះ។ ខ្ញុំបានសួរគាត់ថា មានបានដឹងទេ? ហើយកូនក្តីរបស់ខ្ញុំក៏បានជម្រាបប្រាប់មកវិញ គាត់អត់បានដឹងឮអ្វីទាំងអស់ ហើយក៏អត់គាំទ្រសកម្មភាពហ្នឹងដែរ»

ការអះអាងរបស់មេធាវីរបស់ លោក កឹម សុខា បានធ្វើឡើង បន្ទាប់ពីសមាជិក អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសទំនងជាក្រុមរបស់ លោក សម រង្ស៉ី បាន​ប្រកាស​ថា ពួកគេនឹងរៀបចំសន្និសីទធំមួយ នាថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក​។ ជាមួយគ្នានេះពួកគេក៏រៀបចំវេទិកាសាធារណៈមួយទៀត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក សម រង្ស៊ី។

ក្រោយមានការប្រកាសជំហររបស់ លោក កឹម​ សុខា មិនគាំទ្រដល់សកម្មភាពទាំងនេះ បក្ខពួករបស់ លោក សម រង្ស៉ី បានចោទប្រកាន់មេធាវីរបស់ លោក កឹម​ សុខា ថាអះអាងមិនត្រឹមត្រូវ ហើយមិនមែនជាជំហររបស់ លោក កឹម សុខា។

លោក ចាន់ ចេន មិនបកស្រាយចំពោះការរិះគន់នេះទេ។ លោកអះអាងថា អ្វីដែលលោកលើកឡើង គឺជាជាសម្តីពិតប្រាកដរបស់កូនក្តីរបស់លោក ហើយក្នុងនាមជាមេធាវី លោកតែងធ្វើតាមវិជ្ជាជីវៈ និងគោរពតាមឆន្ទៈរបស់កូនក្តីជានិច្ច។

ពាក់ព័ន្ធនឹងករណីនេះ លោក មុត ចន្ថា ដែលជាអតីតមនុស្សជំនិតរបស់ លោក កឹម សុខា បានជំរុញតាមរយៈបណ្តាញសង្គម Facebook ឱ្យថ្នាក់ដឹកនាំ និងសមាជិក អតីតគណបក្សសង្រ្គោះជាតិទាំងឡាយដែលមិនយល់ច្បាស់អំពីជំហររបស់ លោក កឹម សុខា អាចសួរនាំមេធាវីទាំង៤នាក់របស់លោកបាន។ មេធាវីទាំងនោះមានដូចជា លោកស្រី ម៉េង សុភារី, លោក ផែង ហេង, លោក ចាន់ ចេន និងលោក ផាន់ ចន្ទស័ក្តិ ជាដើម៕