(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង ​លោក ម៉ែន វិបុល នៅព្រឹកថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ អភិ​បាលក្រុងស្វាយរៀង ដោយលោក ណុប ចំរើន ជំនួសលោក យូ ប៊ុន្នី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងប្រកាសអភិបាលរងក្រុងស្វាយរៀងម្នាក់ និងនាយករដ្ឋបាលក្រុងម្នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ម៉ែ​ន វិបុល បានជំរុញ​អភិបាលក្រុងស្វាយរៀងថ្មី ត្រូវចេះសាមគ្គីភាពឯកភាពផ្ទៃក្នុង ជាមួយមន្ត្រីក្រោមឱវាទ និងត្រូវអនុវត្តការងារ ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព។ ក្នុងនោះការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ លុបបំបាត់បងតូចបងធំ និងគ្រឿងញៀន ចោរលួចចោរឆក់ឲ្យអស់ពីមូលដ្ឋាន និងត្រូវអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យទទួលបានជោគជ័យ។

អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ការឡើងជាអភិបាលក្រុងបាន តែក៏អាចទម្លាក់វិញបានដែរ ដូច្នេះត្រូវខិតខំធ្វើការងារបំពេញទៅតាមតួនាទីរៀងៗខ្លួន ហើយឲ្យទទួលបានចេញជាផ្លែផ្កា ដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា​ត្រូវយកចិត្តទុកដាក់អភិវឌ្ឍមូលដ្ឋាន ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត ក្នុងនោះក៏ត្រូវអនុវត្តគោលនយោបាយប្រឡងប្រណាំងទីក្រុងស្អាត ឲ្យទទួលបានល្អប្រសើរផងដែរ៕​