(ភ្នំពេញ)៖ នៅចុងឆ្នាំ២០១៨នេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ ក្រៅពីជាប់ភារកិច្ចនៅក្នុងប្រទេសហើយនោះ សម្ដេចក៏នៅជាប់ភារកិច្ចក្រៅប្រទេសជាច្រើនទៀត រួមមាន ប្រទេសនេប៉ាល់ ឡាវ និងវៀតណាម។

ការមានប្រសាសន៍បែបនេះ​របស់សម្ដេចតេជោ ហ៊ុន សែន ​ធ្វើឡើងនៅព្រឹកថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាល​ជាមួយ​កម្មករ កម្មការិនីសរុបប្រមាណ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានលើកឡើងថា នៅថ្ងៃទី០១ ខែធ្នូ សម្ដេចប្រជុំនៅប្រទេសនេប៉ាល ហើយថ្ងៃទី០២ ទើបធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ។ រួចនៅថ្ងៃទី០៣ សម្ដេចចូលរួមប្រជុំគណៈអចិន្ដ្រៃយ៍ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ ហើយថ្ងៃទី០៤ សម្ដេចបន្ដដំណើរទៅប្រជុំ នៅខេត្តសៀមរាប។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា នៅថ្ងៃទី០៥ ខែធ្នូ សម្ដេចនឹងធ្វើដំណើរទៅបំពេញបេសកកម្មនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ លុះល្ងាចថ្ងៃទី០៦ សម្ដេចបន្ដដំណើរទៅ ទីក្រុងហាណូយ ប្រទេសវៀតណាម ទើបថ្ងៃទី០៨ ចេញពីទីក្រុងណាណូយ ត្រឡប់មករាជធានីភ្នំពេញវិញ។

ប៉ុន្ដែទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុ​ន សែន ធ្លាប់បានលើកឡើង​ពីភាពអង់អាចក្លាហានថា ធ្វើជាមេដឹកនាំលំបាក ប៉ុន្តែត្រូវតែហ៊ានលះបង់ បើទោះបីការលះបង់នោះធំ រហូតដល់លះបង់អាយុជីវិតក៏ត្រូវធ្វើដែរ ដើម្បីប្រយោជន៍សង្គមជាតិ និងប្រជាជន។

សម្តេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអះអាងថា គ្មានការទទួលបានផលប្រយោជន៍ណាមួយ ដោយមិនបានបង់ថ្លៃនោះទេ គឺមានតែពួកប្រឆាំងផ្គាប់មុខតែប៉ុណ្ណោះ ដែលដេករងចាំស្រមើលស្រមៃទទួលផលពីការដួលរលំនៃរដ្ឋអំណាចរបស់សម្តេច៕