(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យបញ្ចប់រឿងក្ដីក្ដាំរបស់សហជីពទាំងអស់នៅតុលាការ ឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំ២០១៨ ក្នុងនោះសម្ដេចក៏បានជំរុញដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីក្តាំនៅតុលាការ ត្រូវបញ្ជូនសំណើដោះស្រាយបញ្ហាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បានជាសម្ដេចជំរុញឱ្យសហជីពបញ្ជូនសំណើទៅកាន់រដ្ឋមន្ត្រីក្រសួងការងារយ៉ាងដូច្នេះ ក៏ដើម្បីឱ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង បន្តធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ក៏ដូចជាស្ថាប័នតុលាការបន្តបន្ទាប់ទៀតដែរ ដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ពោលគឺដើម្បីឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំ២០១៨ កុំឱ្យអូសបន្លាយដល់ឆ្នាំ២០១៩។

ការថ្លែងបែបនេះរបស់សម្ដេចនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបជិត ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ១២ នៅក្នុងខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «អំពាវនាវដល់គ្រប់សហជីពទាំងអស់ដែលជាប់ពាក្យបណ្ដឹងទាំងឡាយ សូមបញ្ជូនពាក្យបណ្ដឹង សូមបញ្ជូននូវសំណើនោះទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការងារជាមួយក្រសួងយុត្តិធម៌ និងធ្វើការងារជាមួយតុលាការ ដើម្បីដោះស្រាយឱ្យបានឆាប់រហ័ស នូវបញ្ហាទាំងឡាយពាក់ព័ន្ធជាមួយពាក្យបណ្ដឹងទៅលើមេសហជីព ឬអង្គការក្រៅរដ្ឋាភិបាលដែលមានការពាក់ព័ន្ធ»

សម្ដេចបានបន្តថា តុលាការក៏កំពុងពន្លឿននៃការស៊ើបអង្កេតទាំងនេះដែរ ដើម្បីបិទបញ្ចប់ការស៊ើបអង្កេត នៅពេលគេធ្វើការបិទបញ្ចប់នៃការស៊ើបអង្កេតហើយ តុលាការគេនឹងធ្វើការសន្និដ្ឋាន ឬមួយគេចាត់ការយកទៅជំនុំជម្រះ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា បើយកទៅជំនុំជម្រះក៏ត្រូវជម្រះឱ្យរហ័ស ឬមួយគេទម្លាក់ចោលមិនចាត់ការតែម្ដង (តម្កល់ទុកមិនចាត់ការ)។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា «សូមឱ្យបិទបញ្ចប់រឿងនេះនៅត្រឹមឆ្នាំ២០១៨ទៅ កុំឱ្យមានសំណុំរឿងនេះមានបន្តនៅឆ្នាំ២០១៩ទៀត»

បើតាមការបង្ហើបរបស់នាយករដ្ឋមន្ត្រី សហជីពខ្លះក្នុងពេលកំពុងបំពេញការងារ ក៏កំពុងស្ថិតនៅក្រោមឥទ្ធិពលនៃពាក្យបណ្ដឹងដែរ ដែលនេះជារឿងមិនល្អទេ។ លំហសេរីភាពនៃការងារ របស់សហជីព គឺមិនទាន់ទទួលបានពេញលេញ ដូច្នេះសូមឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រសួងយុត្តិធម៌ ហើយតាមរយៈក្រសួងយុត្តិធម៌ សូមធ្វើការជាមួយតុលាការ ដើម្បីបិទបញ្ចប់សំណុំរឿងទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់សហជីពដែលតំណាងឱ្យកម្មករ។

ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ទាំងនេះក៏ជាផ្នែកមួយនៃការធានាសិទ្ធិការងារ សិទ្ធិនយោបាយ និងសិទ្ធិការងាររបស់សហជីព និងរបស់កម្មករផងដែរ។ ប៉ុន្តែក៏សូមឱ្យទាំងអស់គ្នាគោរពច្បាប់ ម្ចាស់រោងចក្រក៏គោរពច្បាប់ កម្មករ-កម្មការិនីក៏គោរពច្បាប់ អ្នកណាៗក៏គោរពច្បាប់ នោះសិទ្ធិសេរីភាព និងផលិតភាពការងារ នឹងកើតមានក្នុងរោងចក្រ៕