(ភ្នំពេញ)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាតំបន់អាស៊ី (APA) នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ទៅចូលរួមមហាសន្និបាតលើកទី១១ របស់សភាតំបន់អាស៊ី APA នៅទីក្រុងអ៉ីស្តង់ប៊ុល សាធារណរដ្ឋទួគី។

សមាសភាពគណៈប្រតិភូអមដំណើរមាន លោក ឈិត គឹមយាត អនុប្រធានគណៈកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា, លោក នឹម ច័ន្ទតារា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា, លោក ងួន សុជាតិ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនទៀត។

តាមគម្រោងគណៈប្រតិភូជាន់ខ្ពស់សភានឹងចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១១ របស់សភាតំបន់អាស៊ី APA ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨។ ក្រៅពីនោះ លោកបណ្ឌិត ងួន ញ៉ិល និងគណៈប្រតិភូ ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនផ្សេងៗទៀតផងដែរ។ មហាសន្និបាតលើកទី១១របស់សភាតំបន់អាស៊ី APA រៀបចំឡើងក្រោមប្រធានបទ «ការជំរុញឱ្យមានការរីកចម្រើនសេដ្ឋកិច្ចនៅតំបន់អាស៊ី»។

មហាសន្និបាតនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេសដែលជាសមាជិកសភាតំបន់អាស៊ី ៤២ប្រទេស គណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ចំនួន ១៦ប្រទេស និងអង្គការដៃគូសភាតំបន់អាស៊ីចំនួន១០។

សភាតំបន់អាស៊ី (Asian Parliamentary Assembly) បានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយបានប្តូរឈ្មោះមកពីសមាគមន៍សភាអាស៊ីដើម្បីសន្តិភាព (The Association of Asian Parliaments for Peace) ដែលហៅកាត់ថា AAPP បានបង្កើតឡើងតំាងពីឆ្នាំ១៩៩៩ មក។ សភាកម្ពុជាជាប្រទេសស្ថាបនិក AAPP មួយដែរ។ បន្តបេសកកម្មពី AAPP, APA មានបេសកកម្មនិងគោលបំណងជំរុញនូវសុខសន្តិភាព និងសមាហរណកម្មសម្រាប់តំបន់អាស៊ីទំាងមូលតាមយន្តការសភា។

សូមជម្រាបថា សភានៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសភាតំបន់អាស៊ីចំនួន ២ឆ្នាំជាប់គ្នា គឺមហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ ក្នុងឆ្នាំ២០១៥ និងលើកទី៩ ក្នុងឆ្នាំ២០១៦៕