(ភ្នំពេញ)៖ ខណៈដែលសមត្ថកិច្ច និងតំណាងអយ្យការ ចោទប្រកាន់ក្រុមចោរឆក់២នាក់ ដែលជានីតិជន ពីបទលួចមានស្ថានទម្ងន់ទោសនោះ ស្រាប់តែពេលសំណុំរឿងនេះ បញ្ជូនទៅលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចៅក្រមរូបនេះបានសម្រេចប្តូរអាយុមកត្រឹម១៧ឆ្នាំ (អនីតិជន) វិញ។ ការសម្រួលអាយុនេះ ត្រូវបានគេសង្ស័យថា អាចធ្វើឡើងដើម្បីទទួលបានស្ថានសម្រាលទោស នៅពេលនីតិវិធីជំនុំជម្រះ។

មន្រ្តីតុលាការ និងសមត្ថកិច្ច បាននិយាយថា ជនត្រូវចោទដែលចៅក្រមស៊ើបសួរប្តូរអាយុ មានឈ្មោះ ហេង ម៉េងហុង ភេទប្រុស ដែលទើបតែចេញពីគុកថ្មីៗ ត្រូវបាននគរបាល ខណ្ឌចំការមន ចាប់បានជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ ពៅ នៅ ភេទប្រុស ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ស្ថិតនៅចំណុចមុខផ្ទះលេខ៧៧ ផ្លូវ១៩៣ កែងផ្លូវ៤០២ ក្រុមទី២០ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្វីដែលគួរឱ្យកត់សម្គាល់ ក្រោយពីចាប់ខ្លួន គឺជនត្រូវចោទឈ្មោះ ហេង ម៉េងហុង ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ដោយដាក់ថាមានអាយុ១៨ឆ្នាំ គឺជានីតិជន ប៉ុន្តែនៅពេលជនត្រូវចោទរូបនេះ ត្រូវបានបញ្ជូនទៅដល់ចៅក្រម អ៊ុក សុវណ្ណារិទ្ធ ក៏ស្រាប់តែត្រូវបានប្តូរពីអាយុ១៨ឆ្នាំ មកអាយុ១៧ឆ្នាំ ជាអនីតិជនវិញ ខណៈដែលជនត្រូវចោទម្នាក់ទៀតជាបក្ខពួកត្រូវបាន លោកចៅក្រម អ៊ុក សុវណ្ណារិទ្ធ រក្សាទុកអាយុ១៩ឆ្នាំ ដដែល។

ក្រោយពីកែប្រែអាយុរួចជនត្រូវចោទ ឈ្មោះ ហេង ម៉េងហុង ត្រូវបានសម្រេចឱ្យជាប់គុកព្រៃស ម២ ព្រោះជាអនីតិជន ចំណែកឈ្មោះ ពៅ នៅ ត្រូវជាប់គុកនៅព្រៃស ម១ ព្រោះជានីតិជន។

សូមបញ្ជាក់ថា ឈ្មោះ ហេង ម៉េងហុង ធ្លាប់ជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ ពាក់ព័ន្ធបទល្មើសលួច (ឆក់កាបូប កម្មការិនីរោងចក្រ) ដែលបានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ នៅចំណុចផ្លូវលំភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ នៅពេលនោះ ឈ្មោះ ហេង ម៉េងហុង មានអាយុ១៧ឆ្នាំ ក្រោយពីជាប់គុក រយៈពេល១ឆ្នាំ ចេញមកវិញ ធ្វើសកម្មភាពឆក់ទៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនគរបាលចាប់បានយកទៅតុលាការ ឈ្មោះ ហេង ម៉េងហុង មានអាយុ ត្រឹម១៧ឆ្នាំ ដដែល នេះជាការងឿងឆ្ងល់មួយរបស់ នគរបាលដែលខំចាប់លោកចោររូបនេះ ហេតុអ្វីអាយុលោកចោរមិនកើនសោះ? ហេតុអ្វីព្រះរាជអាជ្ញា ដាក់ថា អាយុ១៨ឆ្នាំ តែចៅក្រមស៊ើបកែមក១៧ឆ្នាំវិញ?

បើយោងតាមមាត្រ៣៥៣ និងមាត្រា៣៥៧ បទលួចមានស្ថានទម្ងន់ទោស (ដែលជនជាប់ចោទជានីតិជន) អាចប្រឈមនឹងការជាប់ពន្ធនាគារពី៣ឆ្នាំ ទៅ១០ឆ្នាំ។ ប៉ុន្តែបើយោងតាមមាត្រា១៦៣ នៃក្រមព្រហ្មទណ្ឌ «ការមិនអនុវត្តបទបញ្ញត្តិស្តីពីការមិនរាងចាល» គឺបទបញ្ញត្តិស្តីពីការមិនរាងចាល មិនអនុវត្តទៅលើអនីតិជន (ជនដែលមានអាយុក្រោម១៨ឆ្នាំ)។

ចំណែកមាត្រា១៦៤ នៃក្រមព្រហ្មទណ្ឌ «ការទទួលប្រយោជន៍នៃស្ថានសម្រាលទោស» ស្ថានសម្រាលទោសត្រូវអនុវត្តទៅលើអនីតិជន។ កាលបើតុលាការបានសម្រេចឱ្យ មានស្ថានសម្រាលទោស អប្បបរមា នៃមូលទោសលើ អនីតិជន ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវបន្ថយតាមខ្នាតដោយឡែកដូចតទៅ៖

១៖ ប្រសិនបើអប្បបរមា នៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី១០ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម ១ឆ្នាំ។

២៖ ប្រសិនបើអប្បបរមា នៃទោសជាប់ពន្ធនាគារស្មើ ឬលើសពី៥ឆ្នាំ និងតិចជាង១០ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម៦ខែ។

៣៖ ប្រសិនបើអប្បបរមា នៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី២ឆ្នាំ និងតិចជាង៥ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម៣ខែ។

៤៖ ប្រសិនបើអប្បបរមា នៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី៦ខែ និងតិចជាង២ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម១ថ្ងៃ។

៥៖ អប្បបរមា នៃទោសពិន័យជាប្រាក់ ត្រូវកាត់បន្ថយពាក់កណ្តាល។

បើយោងតាមមាត្រា១៦៣ និងមាត្រា១៦៤ នៃក្រមព្រហ្មទណ្ឌនេះ ឈ្មោះ ហេង ម៉េងហុង ពិតជាមានសំណាងល្អប្រសើរបំផុត ដែលត្រូវបានលោកចៅក្រម អ៊ុក សុវណ្ណារិទ្ធ ជួយរកយុត្តិធម៌ឱ្យមានអាយុ១៧ឆ្នាំ (ជាអនីតិជន) វិញ ដែលផ្ទុយពីរបាយការណ៍នគរ បាលយុត្តិធម៌ និងដីកាសន្និដ្ឋាននុំបញ្ជូនរឿងឱ្យស៊ើបសួររបស់តំណាងអយ្យការ។

សូមបញ្ជាក់ថា នៅពេលនគរបាលបញ្ជូនខ្លួនឈ្មោះ ហេង ម៉េងហុង ទៅតុលាការ ក៏មានម្តាយឪពុកជនត្រូវចោទរូបនេះ តាមតវ៉ា និងស្តីថាប្រមាថមើលងាយនគរបាល ដែលហ៊ានដាក់ខ្នោះ កូនសំណព្វចិត្តរបស់ពួកគាត់ផងដែរ រហូតមាន ប៉ះពាក្យសម្តីជាមួយនគរបាលផ្អើលតុលាការក្រុងភ្នំពេញ និងមានអ្នកថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ឈ្មោះ ហេង ម៉េងហុង ដែលត្រូវសមត្ថកិច្ចចាប់ពេលធ្វើសកម្មភាពឆក់កាបូបនេះ មានសែស្រឡាយធ្វើការងារធំ បានហៅទូរស័ព្ទ ផ្តាំផ្ញើឱ្យមន្ត្រីតុលាការជួយមើលៗផង ព្រោះជាត្រូវកូនក្មួយ៕