(សេអ៊ូល)៖ ទីបំផុតកីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាជម្រើសជាតិកម្ពុជា ស្រួង ភាវី បានសម្រេចបំណងក្នុងការដណ្ដើមជើងឯក ជូនប្រទេសកម្ពុជា នៅក្នុងការប្រកួតកីឡាស្នូកឃ័រ និងប៊ីយ៉ាជ្រើសរើសជើងឯកអាស៊ីលើកទី១ (The 1st Asian Championship Lalies 3-Cushion 2018) បានហើយ បន្ទាប់ពីលោកស្រីបានផ្ដួលគូប្រកួតជាបន្ដបន្ទាប់ តាំងពីវគ្គជម្រុះ រហូតដល់វគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ នៅសាធារណរដ្ឋកូរ៉េ ។

កីឡាការិនីឆ្នើម ស្រួង ភាវី បានឲ្យដឹងពីកូរ៉េ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះថា នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាអាស៊ី រៀបចំការប្រកួតជើងឯកអាស៊ីផ្នែកនារីនេះឡើង ហើយក៏ជាអ្វីដែលលោកស្រីទន្ទឹងរង់ចាំដែរ ដោយកីឡាការិនីមានដើមកំណើតពីខេត្តត្បូងឃ្មុំរូបនេះ ចង់ចូលរួមប្រកួតក្នុងនាមកីឡាការិនីកម្ពុជា និងដណ្ដើមចំណាត់ថ្នាក់លេខ១ ជូនជាតិរបស់ខ្លួន ហើយពេលនេះលោកស្រីបានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយទទួលបានជោគជ័យ និងសម្រេចបំណងរបស់ខ្លួនដូច្នេះ ។

ភាវី បន្ដថា «ការប្រកួតកីឡាស្នូកឃ័រជើងឯកអាស៊ីលើកដំបូងនេះ គឺមានកីឡាការិនី ១៦នាក់មកពី ៣ប្រទេសចូលរួម រួមមានកូរ៉េ ៩នាក់, ជប៉ុន ៦នាក់ និងកម្ពុជាម្នាក់ ដែលជារូបខ្ញុំផ្ទាល់ ។ ជាលទ្ធផល ខ្ញុំបានឆ្លងកាត់ ៦ប្រកួត និងទទួលបានជ័យជម្នះជាប់ៗគ្នា ដើម្បីឈ្នះពាន ចំណាត់ថ្នាក់លេខ១ ក្នុងនោះប្រកួតផ្ដាច់ព្រ័ត្រ ខ្ញុំបានយកឈ្នះកីឡាការិនីកូរ៉េ ៣០-២២ពិន្ទុ ។ ខ្ញុំសប្បាយចិត្ត និងរំភើបខ្លាំងណាស់ ព្រោះនេះគឺជាសមិទ្ធផល ដែលខ្ញុំប៉ងចង់បានយូរមកហើយ គឺខ្ញុំប៉ងដណ្ដើមជូនប្រទេសជាតិកម្ពុជារបស់ខ្ញុំ»

លោកស្រីបានបន្ថែមថា «ជោគជ័យនេះ គឺជាកត្ដារុញច្រាន និងលើកទឹកចិត្តខ្ញុំឲ្យកាន់តែខិតខំបន្ថែមទៀត ដើម្បីបន្ដចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា ។ ចំពោះការប្រកួតនេះ ទោះបីមានប្រទេសចូលរួមតិចក្ដី តែវាគឺជាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ ហើយខ្ញុំសង្ឃឹមថា ការប្រកួតក្រោយៗ នឹងមានការចូលរួមកាន់តែច្រើន ពិសេសខ្ញុំចង់ឃើញកីឡាការិនីខ្មែរ មានវត្តមានច្រើន ក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំក៏ត្រៀមខ្លួនជួយជំរុញ និងលើកទឹកចិត្តដល់កីឡាការិនីខ្មែរដូចគ្នាផងដែរ» ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលស្ដ្រីខ្មែរ និងមានស្វាមីជាជនជាតិកូរ៉េ ស្រួង ភាវី ដណ្ដើមមេដាយលើឆាកអន្ដរជាតិ ពោលគឺលោកស្រី ធ្លាប់ដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើនគ្រឿងមកហើយ ជាក់ស្ដែងកាលពីចុងខែកញ្ញាកន្លងទៅ លោកស្រី ក៏ទើបដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ក្នុងការប្រកួតកីឡាស្នូកឃ័រជ្រើសរើសជើងឯកពិភពលោក នៅប្រទេសទួកគីផងដែរ ។ អ្វីដែលគួរកត់សម្គាល់ ភាវី បានធ្វើឲ្យអ្នកនិយមលេងកីឡាស្នូកឃ័រជុំវិញពិភពលោក មានការភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់ឡើយ ចំពោះសមត្ថភាព និងទេពកោសល្យរបស់លោកស្រី៕