(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋសភាកម្ពុជាបានសម្ពោធ និងផ្សព្វផ្សាយសៀវភៅកំណត់ហេតុមួយ ស្តីអំពីការតស៊ូរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងដំណើររំដោះប្រទេសជាតិចេញពីរបបប៉ុលពត រួមទាំងការចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញក្រោយភ្លើងសង្រ្គាម។

បេសកកម្មក្នុងបុព្វហេតុជាតិ និងប្រជាជន ដែលសម្តេចបានចំណាយពេលសឹងពេញមួយជីវិតត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅ «ការតស៊ូរបស់ប្រជាជនកម្ពុជារស់ឡើងវិញ» ជាភាសាអង់គ្លេសដែលបានសម្ពោធ និងផ្សព្វផ្សាយនៅវិមានរដ្ឋសភា នៅថ្ងៃនេះ។

ពិធីសម្ពោធ និងផ្សព្វផ្សាយសៀវភៅដែលមានលក្ខណៈប្រវត្តិសាស្រ្តនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាល មន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងនិស្សិត និងបណ្ណារក្សនៃគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនប្រមាណជាង១០០នាក់ផងដែរ។

សៀវភៅ «ការតស៊ូរបស់ប្រជាជនកម្ពុជារស់ឡើងវិញ» បង្ហាញពីការពិត នៃសង្គ្រាមនៅកម្ពុជាដល់អ្នកអាន និងកូនខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តកម្ពុជា។ ជាប្រវត្តិសាស្រ្តនៃការតស៊ូដោះប្រទេសជាតិ របស់ឥស្សរជនស្នេហាជាតិ និងដំណើរស្តារកម្ពុជាឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានរលំទៅក្នុងរយៈ ៤០ឆ្នាំកន្លងមកនេះ។

ប្រសូត្រនៅក្នុងគ្រួសារកសិករនៅទីជនបទមួយក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៣៤ សម្តេច ហេង សំរិន គឺជាប្រធានស្ថាបនិកចលនាមហាជនធំមួយឈ្មោះថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលក្រោយមកបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលបានបង្កើតឡើង នៅក្នុងសមាជមួយនៅខេត្តក្រចេះ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ផ្តើមចេញពីខេត្តក្រចេះនោះហើយ ដែលសម្តេច ហេង សំរិន បានប្រកាសផែនការ ១១ចំណុច ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ក្រោយថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ សម្តេច ហេង សំរិន បានក្លាយជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអគ្គលេខាធិការបក្ស នៃគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា។ បច្ចុប្បន្នសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានក្លាយជាប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងជាប្រធានប្តូរវេននៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ខណៈដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភានេះ នៅក្នុងខែមករា ឆ្នាំ២០១៩ ខាងមុខ។ APPF បានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ (Yasuhiro Nakasone) ក្នុងឆ្នាំ១៩៩៣។ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កិច្ចប្រជុំប្រចំាឆ្នាំនេះ ជាជោគជ័យផ្នែកការទូតសភាកម្ពុជាថ្មីមួយទៀត នាដើមនីតិកាលទី៦នៃរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

សម្តេច ហេង សំរិន គឺជាថ្នាក់ដឹកនាំមួយរូប ក្នុងចំណោមថ្នាក់ដឹកនាំចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន១៤រូប ដែលនៅរស់រានមានជីវិត ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី មាន សំអាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកាព្រឹទ្ឋសភា លោក រស់ សម័យ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងលោក ចាន់ វ៉ែន អតីតអគ្គលេខាធិការរដ្ឋសភាជាដើម។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានឹងប្រារព្ធខួបលើកទី៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្សនៅស្តូបអនុស្សាវរីយ៍ នាស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីនេះដែលមានមហាជនរាប់ម៉ឺននាក់ចូលរួមផងដែរ៕