(ភ្នំពេញ)៖ នៅក្នុងឱកាសពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើយុវជនកម្ពុជានូវ២ចំណុចសំខាន់គឺ៖

ទី១៖ ចូលរួមឲ្យកាន់តែសកម្មក្នុងការកសាងអភិវឌ្ឍ ប្រទេសជាតិមាតុភូមិកម្ពុជាយើង ឲ្យក្លាយជាប្រទេសរីកចម្រើនក្នុងតំបន់ជាសង្គមប្រកបដោយ អារ្យធម៌ និងសេចក្តីស្រឡាញ់គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ។

ទី២៖ យុវជនម្នាក់ៗត្រូវខិតខំរៀនសូត្រលត់ដំខ្លួនក្នុងចលនារបស់ប្រជាជន មហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត ដែលមានស្មារតីស្នេហាជាតិបរិសុទ្ធ មានសមត្ថភាព មានគុណភាព និងមានឆន្ទៈមោះមុត ក្នុងការថែរក្សា ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី ឲ្យបានរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។

ទន្ទឹមនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏ថ្លែងកោតសរសើរស្នាដៃសមិទ្ធផលការងារនានាដែល សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេសសម្រេចបាន គួរជាទីមោទននិងក្តីសង្ឃឹមខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន៕