(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបង្ហោះសារមួយ ដែលទំនងចង់ដៀមដាមទៅកាន់ លោក សម រង្ស៉ី ដែលអតីតជាមេដ៏ល្អូកល្អិនរបស់ខ្លួន។

នៅក្នុងខ្លឹមសារស្រដៀងនឹងកំណាព្យនេះ លោកគង់ គាំ បានប្រើប្រាស់ខ្លឹមសារថា «មមាច (ខ្លួនល្អិត ខួរល្អោច) ឃើញភ្លើងមិនញោច ព្រោះស្មានថាផ្កា ដេញរោមរហូត ឆេះក្ស័យជន្មា នៅមិនដឹងថា ពន្លឺមួយណា អាចជួយជីវិត។ គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត ស្រមៃផ្តេសផ្តាស គ្មានខ្លួនជាម្ចាស់ គេរស់មិនបាន។ មាននឹកឃើញទេ (រដ្ឋសភាខ្វះម្នាក់ + រដ្ឋសភាខ្វះមួយគណបក្ស) មិនអាចរស់បាន ព្រមបង្គ្រប់ទឹក មិនអាចនឹកស្មាន ព្រោះមេបានអ្វីៗដូចចិត្ត»។

ជាមួយគ្នានេះលោកក៏បានតិះដៀលទៀតថា «លើកនេះអស់លក្ខណ៍ (ដេកផ្ទះ ឈ្នះស្អាត រុញស៊ីក្លូចូលឡាន ភ្នាល់ឲ្យចូលអន្ទាក់) បាក់បែករូបកាយ ឱ្យតែមូលព្រលឹង។ ដៃជើងថាហត់ ឯក្បាលនិងមាត់ អញគិត អញស៊ី។ ម្នាក់ថាទុកឲ្យរលំ ម្នាក់ថាផ្សះផ្សា ម្នាក់ថាសងអំណាចពីមុន ម្នាក់ថាបោះឆ្នោតឡើងវិញ (មហារវើរវាយ មហារញ៉េរញ៉ៃ)។ សុទ្ធតែខ្យល់»៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលបង្ហោះដោយ លោក គង់ គាំ៖

មមាច (ខ្លួនល្អិត ខួរល្អោច) ឃើញភ្លើងមិនញោច ព្រោះស្មានថាផ្កា ដេញរោមរហូត ឆេះក្ស័យជន្មា នៅមិនដឹងថា ពន្លឺមួយណា អាចជួយជីវិត។
គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត ស្រមៃផ្តេសផ្តាស គ្មានខ្លួនជាម្ចាស់ គេរស់មិនបាន។
មាននឹកឃើញទេ (រដ្ឋសភាខ្វះម្នាក់ + រដ្ឋសភាខ្វះមួយគណបក្ស) មិនអាចរស់បាន ព្រមបង្គ្រប់ទឹក មិនអាចនឹកស្មាន ព្រោះមេបានអ្វីៗដូចចិត្ត។
លើកនេះ អស់លក្ខណ៍ (ដេកផ្ទះ ឈ្នះស្អាត រុញស៊ីក្លូចូលឡាន ភ្នាល់ឲ្យចូលអន្ទាក់) បាក់បែករូបកាយ អោយតែមូលព្រលឹង។ ដៃជើងថាហត់ ឯក្បាល និងមាត់ អញគិត អញស៊ី។
ម្នាក់ថាទុកឲ្យរលំ ម្នាក់ថាផ្សះផ្សា ម្នាក់ថាសងអំណាចពីមុន ម្នាក់ថាបោះឆ្នោតឡើងវិញ (មហារវើរវាយ មហារញ៉េរញ៉ៃ)។ សុទ្ធតែខ្យល់។
រវាងពួកក្បាលមិនទើសមេឃ ខ្ញុំឲ្យតម្លៃពួកជើងជាប់ដី៕