(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ​ប្រជាពលរដ្ឋកម្ពុជា​ធ្លាប់មានប្រវត្តិឈឺចាប់ ដោយសារបរទេសដាក់មូលដ្ឋានទ័ពបង្កជាសង្រ្គាម កាលពីអតីតកាល ដូច្នេះកម្ពុជាដែលមានសន្តិភាពពេលនេះ មិនចាំបាច់ត្រូវមានមូលដ្ឋានទ័ពបរទេសលើទឹកដីនោះទេ។ នាយឧត្តមសេនីយ៍ បានថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «តើកម្ពុជាត្រូវការវត្ដមានកងទ័ពបរទេសដែរ ឬទេ?» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា។

បើតាមនាយឧត្តមសេនីយ៍, នៅកម្ពុជា គឺអ្នកដឹកនាំជំនាន់មុនបានយកកងទ័ពបរទេស មកដាក់ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការឈឺចាប់ និងរងទុក្ខវេទនា​យ៉ាងខ្លាំង ដោយសារសង្គ្រាមវិនាសកម្មជាបន្តបន្ទាប់ដែលអស់អន្លាយអស់ជាច្រើនទសវត្ស។

លោកបន្តថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន រំដោះប្រទេសកម្ពុជាពីឆ្នាំ១៩៧៩មក សម្តេចបានកសាងសន្តិភាព និងដោះស្រាយបញ្ហាដោយសន្តិវិធី ហេតុនេះកម្ពុជា មិនចាំបាច់មានកងទ័ពបរទេស មកដាក់ក្នុងប្រទេសខ្លួននោះឡើយ ហើយកម្ពុជាត្រូវការតែអ្នកវិនិយោគទុនបរទេសតែប៉ុណ្ណោះ។

សូមជម្រាបថា ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យនាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៧​ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល នូវការចុះផ្សាយរបស់សារ ព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មាន Asia Times ផងដែរដែលថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសដទៃ ដែលទំនងសំដៅដល់ប្រទេសចិន ប្រើប្រាស់ទឹកដីកកម្ពុជា ធ្វើជាមូលដ្ឋានយោធា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្រ្តៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ។

ដើម្បីបញ្ជក់ឲ្យកាន់តែច្បាស់កុំឲ្យមានការភាន់ច្រឡំដូចការផ្សព្វផ្សាយទុច្ចរិតមួយចំនួនចង់បំផ្លាញសេចក្តីសុខរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជានាថ្មីៗនេះ បានប្រាប់អាមេរិកកុំឲ្យមានការព្រួយបារម្ភអ្វីទាំងអស់ កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់អនុប្រធានាធិបតីអាមេរិក Mike Pence ដោយរៀបរាប់បង្ហាញពីជំហរ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាស្តីពីអធិបតេយ្យភាព និងការមិនអនុញ្ញាតឲ្យមានមូលដ្ឋាននៅកម្ពុជានេះផងដែរ៕