(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អាមេរិកគឺជាប្រទេសមហាអំណាច ដែលដាក់មូលដ្ឋានទ័ពនៅក្រៅប្រទេសច្រើននៅលើពិភពលោក រហូតដល់ជាង៨០០កន្លែង​ ហើយតាមរយៈបទពិសោធន៍ហើយ ទើបបានធ្វើឱ្យអាមេរិកមានការសង្ស័យថា ចិនបោះមូលដ្ឋានទ័ព នៅក្នុងប្រទេសកម្ពុជា ក្រោយពីឃើញអ្នកវិនិយោគចិនមកកម្ពុជាកាន់តែច្រើន។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងនេះអត់ចម្លែកទេ! អ្នកដែលសង្ស័យគេ បានដើររួចទៅហើយ។ អាមេរិកសង្ស័យថាចិនមានកងទ័ពនៅកម្ពុជាមិនខុសទេ ព្រោះថាអាមេរិកវាធ្លាប់ធ្វើ វាធ្លាប់ដើរ»។ លោកបានបន្តថា «ខ្លួនធ្លាប់ធ្វើអាហ្នឹង ដល់ពេលឃើញចិនមកវិនិយោគកម្រិតខ្ពស់​ ក៏គិតថា អូ ! ប្រហែលជាចិនមកដាក់ហើយ ឥឡូវដាក់ ឬមិនដាក់ យើងចាំមើលតទៅទៀត យើងចាំមើលទាំងអស់គ្នា»

ការលើកឡើងរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបង្ហាញឡើងអំពីការសង្ស័យរបស់ខ្លួនថា អាចមានមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា។ សារព័ត៌មាន​​ Asia Times មានមូលដ្ឋាននៅបាងកក ​ដែលគេសង្ស័យថា បង្កើតឡើងដើម្បីបម្រើនយោបាយរបស់ក្រុមបរទេសមួយចំនួន ក៏បានយកប្រភពមិនច្បាស់លាស់ផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថា នឹងអនុញ្ញាតឱ្យចិន បោះមូលដ្ឋានយោធានៅខេត្តកោះកុង ហើយក៏ផ្សាយដែរថា កម្ពុជាកំពុងស្ថិតនៅចំណុចកណ្តាល នៃសង្រ្គាមត្រជាក់រវាងអាមេរិក និងចិនជាដើម។

សេចក្តីរាយការណ៍ថ្មីៗនេះ បានឱ្យដឹងថា ពេលនេះសហរដ្ឋអាមេរិក ដែលជា​មហាអំណាច​យោធា​លំដាប់​ទី​១ ជាមួយ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​ជាង​៧០០​ពាន់​លាន​ដុល្លារសម្រាប់វិស័យយោធា កំពុងពង្រីកមូលដ្ឋានយោធារបស់ខ្លួនខ្លាំងជាងគេ។ សារព័ត៌មាននៅលើពិភពលោករាយការណ៍ថា ពេលនេះ អាមេរិកមាន​មូលដ្ឋានទ័ព​ជាង​៨០០​ទីតាំង នៅក្នុង​ប្រទេស​ជាង​៧០នៅលើពិភពលោក ក្នុងនោះមានទាំងអាស៊ីផងដែរ ព្រមទាំងមានដែនដី​អធិបតេយ្យ​បរទេស​ផ្សេងៗ​ថែមទៀត។

កម្ពុជាបានប្រឆាំងដាច់ខាតចំពោះការបោះមូលដ្ឋានទ័ពបរទេសណាមួយ នៅក្នុងប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ ក៏បានច្រានចោលនូវការចុះផ្សាយរបស់សារព័ត៌មាន Asia Times ដែលថាមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជាផងដែរ។

មាត្រា៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា ព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាត់ការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទោះបីក្រោមរូបភាពណាក៏ដោយ ។ ព្រះរាជាណាចក្រកម្ពុជា មិនចង់សម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របនិងអាព្យាក្រឹតភាពរបស់ខ្លួនឡើយ។ ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្កការសហប្រជាជាតិ៕