(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤របស់ខ្លួន រយៈពេល២ថ្ងៃ នៅសប្តាហ៍ក្រោយនេះ នៅ​សណ្ឋាគារសុខា​ភ្នំពេញ ដោយធ្វើឡើងនៅថ្ងៃទី២៦ និង២៧​ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ព្រឹត្តិការណ៍​មហា​សន្និបាតតំណាងទូទាំងប្រទេស​លើកទី៤ ​នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​​​អធិបតីភាពរបស់សម្តេច សាយ ឈុំ  ប្រធានព្រឹទ្ធសភា និងកម្មវិធីបិទ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមដោយវត្តមាន​ឥស្សរជន​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប​ទៀត​ផងដែរ។​

មហា​សន្និបាត​​​តំណាង​​ទូទាំង​ប្រទេស​លើក​​ទី៤ ធ្វើឡើង​ស្រប​​នឹង​ខួបទី៤០ឆ្នាំ​របស់​ខ្លួន នៃការ​ប្រមូល​ផ្តុំ​យុវជន​គ្រប់​ទិសទី ​ជា​​មហា​​កម្លាំង​​​សាមគ្គី ក្នុង​​ការ​​រួម​ចំណែក​កសាង​បន្ថែម និង​​​លើក​កម្ពស់​​ប្រទេស​កម្ពុជាជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម។ មហា​សន្និបាតក៏នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​ការ​បូកសរុប​ការងារឆ្នាំ២០១២–២០១៨ និង​ទិសដៅ​​​ការងារ​ឆ្នាំ​២០១៨–២០២៣ ព្រមទាំងការ​​បោះឆ្នោត​ជ្រើសតាំងសមាជិក ជាមួយ​កិច្ចពិភាក្សា​ និងការអនុម័ត​លើការ​កែប្រែ​​​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាផងដែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែល​បាន​​បន្ត​​បេសកកម្ម​​ពី​សមាគម​​យុវជន​​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា និង​សមាគម​យុវជន​កម្ពុជា ដែល​បាន​​​បដិសន្ធិ​​នៅ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុង​គោល​ដៅ​សំខាន់​​​បំផុត​ដើម្បី​ប្រមូល​ផ្តុំ​យុវជន​គ្រប់​ទិសទី ​ជា​​មហា​​កម្លាំង​​សាមគ្គី ក្នុង​ការ​រួម​ចំណែក​កសាង​​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕