(ភ្នំពេញ)៖ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ បានបញ្ចាប់នោះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទុក បានបញ្ចប់ប្រកបទៅដោយភាពសប្បាយរីករាយ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់អាជ្ញាធរ និងកងកម្លាំង​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមការពារថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភ្នាក់ងារសុខាភិបាល ដែលបានផ្តល់នូវការមើលថែសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសប្បាយរីករាយ នៅក្នុងឱកាសបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃមកនេះ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអរគុណដល់កីឡាករប្រណាំងទូកទាំងអស់ និងគណ:កម្មការទូកដែលបានចូលរួមដឹកនាំប្រកួតប្រជែង នៅក្នុងពីធីបុណ្យអុំទូកដ៏អធិកអធម និងបានជូនពរបងប្អូនកីឡាករ និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរវិល ទៅកាន់លំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្ថិភាពតាមផ្លូវ។

សម្តេចនាយករដ្ឋមន្ត្រី ក៏មិនភ្លេចអំពាវនាវបងប្អូនចូលរួមសម្អាតសំរាម និងបរិស្ថានឲ្យបានស្អាតល្អ ដើម្បីសុខភាពទាំងអស់គ្នា និងបានបញ្ជាក់ទៀតថា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេលបរិបូណ៌ ទើបផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអស់គ្នា បានប្រារព្ធពិធីបុណ្យធំៗជាច្រើន នៅក្នុងប្រទេស ព្រមទាំងបានទាក់ទាញទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១, ២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ចប់ជាមួយនឹងភាពរីករាយ ដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិរាប់លាននាក់ ចូលរួមទស្សនាព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ៕